(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានជំនួបសំណេះសំណាលជាមួយ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៦ ឆ្នាំ២០១៩ មានរយៈពេល ៥១ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះលោកបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ ដល់ប្រតិភូយុវជន និងផ្តល់ជាអនុសាសន៍ផ្តាំផ្ញើ៖
១៖ សូមយុវជនយើងត្រូវចេះសាមគ្គីគ្នា សហការគ្នា យោគយល់អធ្យាស្រ័យគ្នា។
២៖ ត្រូវចេះបង្ហាញនូវសមត្ថភាពដែលខ្លួនមាន (ចំណេះដឹង និងសេចក្តីថ្លៃថ្នូរ)។
៣៖ ត្រូវមានភាពជាអ្នកដឹកនាំ ស្គាល់ខ្លួនឯងឱ្យបានច្បាស់ ចេះកំណត់គោលដៅពិតប្រាកដក្នុងជីវិត បំពេញភារកិច្ច កាតព្វកិច្ច និងតួនាទី ក្នុងឋានៈជាយុវជននៃប្រទេសជាតិថ្ងៃនេះ និងជាអ្នកកំណត់វាសនាជាតិ នៅថ្ងៃអនាគត។
៤៖ ត្រូវចេះបង្ហាញពីសក្តានុពលរបស់ជាតិខ្មែរយើង មានអរិយធម៌ វប្បធម៌ជាដើមដល់បណ្តាប្រទេស ដែលចូលរួមក្នុងកម្មវិធីនោះ។
លោកបណ្ឌិតរដ្ឋមន្ត្រី បានជូនពរ និងផ្តាំផ្ញើឱ្យប្អូនៗចេះថែរក្សាសុខភាព ព្រមទាំងខិតខំប្រឹងប្រែងប្រមូលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលជាធាតុចូលសំខាន់ៗពីកម្មវិធីនេះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ឱ្យស័ក្តិសមជាយុវជនតំណាងប្រទេសជាតិ និងយុវជនឆ្នើមកម្ពុជា នៅលើឆាកអន្តរជាតិ៕