(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន និងមធ្យោបាយដឹកជញ្ជូន ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលចិន ដែលរៀបចំធ្វើឡើង នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឲ្យដឹងថា ចិន បានផ្តល់ហិរញ្ញប្បទានឥតសំណងជាឡជីវឧស្ម័ន ជូនមកកម្ពុជា ចំនួន១,៥០០ឡ រថយន្ត៣គ្រឿង ម៉ូតូ១៤គ្រឿង ម៉ាស៊ីនភ្លើង៧គ្រឿង ម៉ាស៊ីនបូមទឹក៧គ្រឿង និងសម្ភារការិយាល័យមួយចំនួនធំទៀត គិតជាទឹកប្រាក់ចំនួន៩,៦៦០,០០០យ័ន (ស្មើជាង១លានដុល្លារ) ដែលត្រូវបែងចែក ទៅខេត្តគោលដៅចំនួន៧ ក្នុងនោះខេត្តត្បូងឃ្មុំ ៣០០ឡ កំពង់ចាម២០០ឡ ព្រៃវែង២០០ឡ ស្វាយរៀង២០០ឡ កំពង់ឆ្នាំង២០០ឡ ពោធិ៍សាត់២០០ឡ និងខេត្តព្រះវិហារ២០០ឡ សម្រាប់រយៈពេល៣ឆ្នាំ។
លោក Wang Wentian បានបង្ហាញនូវក្តីរីករាយ ទាក់ទងគម្រោងហិរញ្ញប្បទានឥតសំណងនេះថា ក្រោយពេលរដ្ឋាភិបាលទាំងពីរ បានអនុវត្តគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» ឃើញថាថ្មីៗនេះ កម្ពុជាមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់គួរឲ្យកត់សម្គាល់។
លោកបន្ដថា ប្រទេសទាំងពីរ បានផ្តោតជាសំខាន់លើ ការអភិវឌ្ឍវិស័យកសិកម្មជាអាទិភាព ហើយស្តែងចេញជាលទ្ធផល កន្លងមកភាគីចិន បានបង្កើនកូតានាំអង្ករកម្ពុជាចូលទីផ្សារចិន ចេកអំបូងលឿងស្រស់ ម្សៅដំឡូងមី និងផ្លែឈើច្រើនប្រភេទទៀត ហើយអនាគតផលិតផលកៅស៊ូកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារចិនផងដែរ។ ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស កន្លងមកកម្ពុជាបានបញ្ជូនមន្រ្តីចំនួន២៦៨រូប ទៅចិនដើម្បីចូលរួមសិក្សាដកស្រង់បទពិសោធន៍ផ្នែកវិស័យកសិកម្ម ហើយភាគីចិន ក៏បានបញ្ជូនមន្រ្តីជំនាញ មកកម្ពុជាវិញផងដែរ។
ឯកអគ្គរដ្ឋទូតសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជោគវាសនារួមគ្នា ប្រកបដោយមិត្តភាព និងសាមគ្គីភាពជាបងប្អូន បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ប្រកបដោយនិរន្តរភាព ជាពិសេសជំរុញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិន បានកាន់តែច្រើនឡើងថែមទៀត។
ក្នុងនាមក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងប្រទេសចិន ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីគ្រាក្រលំបាក រហូតដល់កម្ពុជាសម្រេចបាននូវសន្តិភាពពេញលេញ ការឯកភាពជាតិក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងការចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាការរួម ចំណែកយ៉ាងសកម្ម ទៅលើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ កិច្ចសហប្រតិបត្តិការខាងវិស័យបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ការវិនិយោគដើម្បីផលប្រយោជន៍រវាងប្រជាជន និងប្រទេសទាំងពីរ។
ទាក់ទងពិធីប្រគល់-ទទួលសម្ភារ ឡជីវឧស្ម័ន និងមធ្យោបាយដឹកជញ្ជូន ក្រោមហិរញ្ញប្បទានឥតសំណងរបស់ចិននាពេលនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះវត្តមាន និងជាពិសេសបានជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ របស់លោក Wang Wentian បានធ្វើឲ្យគម្រោងខាងលើ កើតចេញជាផ្លែផ្កានាថ្ងៃនេះ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា គម្រោងសាងសង់ឡជីវឧស្ម័ន ១,៥០០ឡ គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងទាំង១៦ ដែលបានរៀបចំឡើងដោយក្រសួង នៅក្នុងផែនការយុទ្ធសាស្ត្រភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលទាំងពីរ សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៣-២០១៧។ ដោយហេតុថា ឡជីវឧស្ម័ន បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រជាកសិករជាអាទិ៍៖ សំណល់ឡ ជាជីធម្មជាតិ មានគុណភាពល្អសម្រាប់ដំណាំគ្រប់ប្រភេទ ធ្វើឲ្យភូមិឋានមានបរិស្ថាន និងអនាម័យល្អ ផ្ទះបាយគ្មានផ្សែង កាត់បន្ថយការប្រើប្រាស់អុស និងធ្យូង ដោយប្រើឧស្ម័នដែលទាញយកពីឡជំនួស ផ្តល់ឧស្ម័នបង្កើតបានជាអគ្គិសនីប្រើប្រាស់ ក្នុងលំនៅឋានបានយ៉ាងល្អ និងជួយសន្សំប្រាក់ក្នុងគ្រួសារកសិករ បានយ៉ាងមានប្រសិទ្ធភាព។
លោករដ្ឋមន្រ្តី បានស្នើដល់អង្គភាពជំនាញ ក៏ដូចជាមន្រ្តីអនុវត្តគម្រោងត្រូវយកចិត្តទុកដាក់ សហការល្អជាមួយភាគីចិន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តគម្រោងនេះ ដោយរលូន ប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាពចំទិសដៅ ឆ្ពោះទៅរកភាពជោគជ័យតាមផែនការ ដែលបានគ្រោងទុកដូចមានចែង ក្នុងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយចិន និងភារកិច្ចផ្សេងៗទៀតក្នុងស្មារតីស្ថាបនា នវានុវត្តន៍ និងទទួលខុសត្រូវខ្ពស់។
ចំពោះការងារសុខភាពសត្វ និងផលិតកម្មសត្វ ចិនបានជួយលើការសាងសង់ឡជីវឧស្ម័ន៣លើករួចមកហើយ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤ កន្លងមកម្ល៉េះ ព្រមទាំងបាន បង្កើតស្ថានីយចិញ្ចឹមជ្រូក បង្ហាញកម្ពុជា-ចិន និងជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ តាមរយៈកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ ដែលជាធាតុចូលដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយ អភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣៕