(កំពង់ធំ)៖ បញ្ហាបទល្មើសនេសាទក្នុងខេត្តកំពង់ធំ គឺជាបញ្ហាដ៏ក្ដៅមួយ ដែលរដ្ឋបាលខេត្តកំពង់ធំ កំពុងយកចិត្តទុកដាក់ និងចុះបង្ក្រាបជាប្រចាំ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីវេទិកាសាធារណៈថ្នាក់ក្រោមជាតិស្ដីពី «វឌ្ឍនភាព និងការជំរុញអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល» និងមានការអញ្ជើញចូលរួមអស់លោក-លោកស្រី អ្នកពាក់ព័ន្ធជុំវិញទូទាំងខេត្តកំពង់ធំ រួមទាំងដៃគូអង្គការនានា ក្នុងការទប់ស្កាត់អំពីបទល្មើសជលផល។
ក្នុងនោះលោក ហម ហ៊ុន នាយខណ្ឌជលផលខេត្តកំពង់ធំ បានធ្វើសេចក្ដីរាយការណ៍ និងលើកឡើងពីបញ្ហាប្រឈមរួម ទាំងបញ្ហាបទល្មើសនានា ដែលត្រូវនិងចុះបង្ក្រាប ដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នាឱកាសនោះផងដែរ ។
លោក ឱម សារ៉ាត់ នាយកប្រតិបត្តិអង្គការ FACT បានលើកឡើងពីសកម្មភាពរបស់អង្គការ ដែលកំពុងតែខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការជួយធ្វើការគាំទ្រទាំង នៅតំបន់ឆ្នេរតំបន់ទន្លេមេគង្គ និងតំបន់ទន្លេសាប ជាពិសេសគឺខេត្តកំពង់ធំ។
លោកក៏បានលើកឡើង ពីការចូលរួមរបស់អង្គការ សង្គមស៊ីវិលក្នុងដំណើរការការកែទម្រង់ស៊ីជម្រៅ វិស័យជលផល និងការគាំទ្រដល់សហគមន៍នេសាទ ក្នុងនោះ មានទាំងការគ្រប់គ្រងធនធានជលផលជាតិ ជាពិសេសការពារព្រៃលិចទឹក ក្រោយពីមានការកំណត់ព្រំប្រទល់ព្រៃលិចទឹក នៅក្នុងបរិវេណជុំវិញបឹងទន្លេសាប។
ម្យ៉ាងទៀតលោកក៏បានសង្កត់ធ្ងន់ៗ ទៅលើកិច្ចសហការរវាងអង្គការនានា និងស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើការងារដែលទាក់ទងទៅនឹងវិស័យជលផល ដើម្បីធ្វើឲ្យការងារគ្រប់គ្រងធនធានជលផល មានលក្ខណៈល្អប្រសើរ ក្នុងនោះ លោកថា សារៈសំខាន់របស់ធនធានជលផលមានច្រើនជាស់ តែដោយមានស្ថានភាពទឹក ដែលមានការយឺតយ៉ាវ ជាហេតុធ្វើឲ្យធនធានជលផល កើតមានបញ្ហានិងអាចមានការថយចុះ នៅផលប្រយោជន៍ផ្សេងៗ។
លោក ព្រឹម រដ្ឋា បានថ្លែងពីសក្ដានុពលធនធានធម្មជាតិ និងធនធានជលផល ដែលបម្រើផលប្រយោជន៍យ៉ាងច្រើន ដល់ប្រជានេសាទ និងប្រជាជន ជាពិសេសការប្រើប្រាស់ធនធានហួសកម្រិត ការប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ ធ្វើឲ្យធនធានទទួលរងការបំផ្លិចបំផ្លាញ រាជរដ្ឋាភិបាលបានបង្កើតយន្តការនិងច្បាប់បទដ្ឋានគតិយុត្តនានាដើម្បីទប់ស្កាត់រាល់ការបំពានដែលធ្វើឱ្យប៉ះពាល់ដល់ធនធានជលផល និងវិធានការនានា។
សកម្មភាពនានា ដែលរដ្ឋបាលខេត្តកំពង់ធំ បានចូលរួមក្នុងការទប់ស្កាត់ ជាមួយមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធនានា កន្លងមកបានបញ្ជាក់ពីការហាមឃាត់ ការនេសាទកន្លែងអភិរក្ស ឡូតិ៍បំរុងទុក និងរដូវបិទនេសាទ ការប្រែប្រួលអាកាសធាតុការរាំងស្ងួត គ្រោះទឹកជំនន់ដែលជាហេតុ ធ្វើឲ្យមានការប៉ះពាល់ដល់ធនធានជលផល។
លោកបានសំណូមពរ និងជំរុញ ឲ្យមានការសហការអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល ឲ្យមានភាពប្រសើរឡើង និងត្រូវចូលរួមសហការ ចុះបង្ក្រាបរាល់បទល្មើស ដែលបានកើតឡើងបទល្មើសនានា មានដូចជាបទល្មើសជលផល បទល្មើសនេសាទ និងបទល្មើសកាប់បំផ្លាញព្រៃឈើ និងព្រៃលិចទឹកជាដើម៕