(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំបូកសរុប ការអនុវត្តកិច្ចព្រមព្រៀង សហប្រតិបត្តិការដំណាក់កាល ២០១៦-២០១៩ និងពិធីចុះហត្ថលេខា លើខ្លឹមសារបំពេញបន្ថែម នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តស្វាយរៀង និងគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ពិធីនេះបានប្រព្រឹត្តិទៅនៅសាលប្រជុំ សាលាខេត្តស្វាយរៀង ស្ថិតក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ជិន វ៉ាន់កិន ប្រធានគណៈកម្មាធិការប្រជាជន ខេត្តឡុងអាន នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និងមានការចូលរួមពីលោក-លោកស្រី ថ្នាក់ដឹកនាំប្រតិភូខេត្តស្វាយរៀង និង លោក-លោកស្រី ថ្នាក់ដឹកនាំប្រតិភូខេត្តឡុងអាន ជាច្រើនរូបទៀត។
លោក ម៉ែន វិបុល បានថ្លែងថា កិច្ចប្រជុំបូកសរុប ការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាលឆ្នាំ២០១៦-២០១៩ ពិតជាបានទទួលនូវលទ្ធផលល្អៗជាច្រើន ដូចជា ជួយបង្កើននូវការពង្រឹង កិច្ចសហប្រតិបត្តិការកាន់រឹងមាំ និងល្អប្រសើរ លើមូលដ្ឋានសមិទ្ធផលដែលខេត្ដទាំងពីរ (ស្វាយរៀង-ឡុងអាន) ក្នុងនោះ បានរួមគ្នាសម្រេចបាន ជាពិសេសលើបណ្ដាវិស័យនានា ដែលមានចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាជនខេត្តទាំងពីរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានការអភិវឌ្ឍ និងប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រវាងបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម៕