(ភ្នំពេញ)៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ជួបជាមួយក្រុមជម្រើសជាតិបារ៉ែន លើទីលានស្តាតអូឡាំពិកល្ងាចថ្ងៃទី១០ ខែកញ្ញានេះ ដើម្បីជម្រុះទៅកាន់ World Cup 2022 បន្ទាប់ពីកម្ពុជាទាត់ស្មើជាមួយក្រុមជម្រើសជាតិហុងកុង១ - ១ តែបានយកឈ្នះក្រុមប៉ាគីស្ថាន រហូតដល់ទៅ ២ ប្រកួតកន្លងមកហើយ ដែលក្រុមបារ៉ែនទាត់ត្រឹមស្មើជាមួយនឹងក្រុម អ៊ីរ៉ាក់ តែប៉ុណ្ណោះ។
លោក ម៉ៃឃើល សុវណ្ណ ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភការប្រកួតនេះបានមានប្រសាសន៍ថា «ខ្ញុំជឿថាក្រុមជម្រើសជាតិកម្ពុជា អាចមានលទ្ធភាពច្រើនក្នុងការផ្តួលក្រុមជម្រើសជាតិ បារ៉ែន ដោយសារទម្រង់លេងក្រុមកម្ពុជា ពិតជាលេងបានល្អខ្លាំង និងពោរពេញដោយបច្ចេកទេសខ្ពស់ ហើយល្បឿននៃការរត់ទំាងកីឡាករខ្សែរប្រយុទ្ធ និងខ្សែរបម្រើពិតជាលឿនជាងពេលណាៗទំាងអស់ បើតាមការសង្កេតឃើញនៅក្នុងការប្រកួតជាមួយក្រុមហុងកុង និង ប៉ាគីស្ថានកន្លងមក»។
លោកក៏បានក្រើនរម្លឹកផងដែរថា បើទោះបីសមត្ថភាពក្រុមជម្រើសជាតិកម្ពុជាកំពុងកើនឡើងខ្លាំង កីឡាករកម្ពុជាក៏ត្រូវតែរក្សាឥរិយាបថប្រុងប្រយ័ត្នជានិច្ច នៅក្នុងការប្រកួតល្ងាចនេះ ព្រោះបារ៉ែន ក៏មានកីឡាករល្អៗពីអន្តរជាតិមួយចំនួនផងដែរ ក្រៅតែពីកីឡាករក្នុងស្រុករបស់ពួកគេ។
លោកក៏សូមគោរពអញ្ជើញអ្នកគាំទ្របាល់ទាត់ ឱ្យចូលរួមទស្សនា និងស្រែកហ៊ោឱ្យក្រុម កីឡាករទំាង២ក្រុម ក្នុងការប្រកួតល្ងាចនេះ៕