(ភ្នំពេញ)៖ លោកចាន់ មុនី អ្នកកាសែតជើងចាស់មួយរូបដែលបច្ចុប្បន្នបម្រើការងារនៅកាសែតកម្ពុជាថ្មី ប្រចាំខេត្តកណ្ដាល បានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយសារតែជម្ងឺមហារីកច្រមុះធ្វើទុក្ខក្រោយពីរូបលោកបានរងរបួសដោយអំបែងគ្រាប់បែកកាលពីឆ្នាំ១៩៩៧ ខណះកំពុងចុះយកព័ត៌មាននៅមុខវិមានរដ្ឋសភា។
បច្ចុប្បន្នដោយសារជម្ងឺមហារីកច្រមុះធ្វើទុក្ខខ្លាំងរហូតដល់សន្លប់ ក្រុមគ្រួសារបានបញ្ជូនរូបលោកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែដោយសារអាការៈជម្ងឺធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យនៅកម្ពុជាអស់លទ្ធភាពក្នុងការព្យាបាល ក្រុមគ្រួសារគ្រោងនឹងបញ្ជូនរូបលោកទៅព្យាបាលបន្តនៅមន្ទីរពេទ្យប្រទេសថៃ តែដោយសារមានការខ្វះខាតជីវភាព និងថ្លៃព្យាបាល ក្រុមគ្រួសាររបស់លោកសូមលើកម្រាមដៃដប់អំពាវនាវដល់ថ្នាក់ដឹកនាំ និងសប្បុរសជននានាមេត្តាជួយធ្វើការឧបត្ថម្ភដល់រូបលោកទៅតាមសមាណចិត្តដោយក្ដីអនុគ្រោះ។
លោក ចាន់ មុនី បានចាប់យកអាជីពជាអ្នកកាសែតនៅក្នុងឆ្នាំ១៩៨៨ ដោយបំរើការងារនៅកាសែតប្រជាជន និងបន្ទាប់មកផ្លាស់ទៅបំរើការងារនៅវិទ្យុជាតិ ហើយ
បន្ទាប់មកទៀតក៏ទៅបំរើការងារជាអ្នកយកព័ត៌មាននៅកាសែតកម្ពុជាថ្ងៃនេះ មុននឹងលោកផ្លាស់មកបំរើការងារនៅកាសែតកម្ពុជាថ្មីរហូតដល់សព្វថ្ងៃនេះ៕