(កំពង់ចាម)៖ ប្រជាពលរដ្ឋចំនួន១,៣០០គ្រួសារ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងរង់ផលប៉ះពាលដោយទឹកជំនន់ ហើយគ្រួសារខ្លះត្រូវបានជម្លៀសទៅកាន់កន្លែងដែលមានសុវត្ថិភាព។
ឆ្លើយតបនឹងបញ្ហាប្រឈមទាំងអស់នេះ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព និងយកអំណោយទៅចែកជូន។
ទេសរដ្ឋមន្ដ្រី គន់ គីម បានឲ្យដឹងថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង១,៣០០គ្រួសារនេះ គឺជាការឧបត្ថម្ភរបស់ លោក សៀង ណាំ និងលោក វេង សាខុន ដែលជាប្រធានគណៈពង្រឹងស្រុកកំពង់សៀម និងឃុំកោះសំរោង ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រិនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ ពិសេសចំពោះកូនចៅៗ ជៀសវាងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
គួរជម្រាបថា ជំនន់ទឹកទន្លេមេគង្គ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ បានជន់ឡើងរហូតហូរចូលក្រុងកំពង់ចាម ហើយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះរកដំណោះស្រាយមួយចំនួន ដើម្បីបញ្ចៀសការជន់លិចក្នុងក្រុងកំពង់ចាម។
លោកទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធបានសម្រេចទប់នៅតាមកន្លែងដែលទឹកហូរចូលក្រុង និងដាក់ម៉ាស៊ីនបូមទឹកចេញពីក្រុងផងដែរ។ លោក គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News រហូតមកដល់ព្រលប់ថ្ងៃដដែលកម្រិតទឹកបាននៅត្រឹង ហើយទឹកក៏មិនបានលិចក្នុងក្រុងផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់ចែងមន្ត្រីជួយអន្តរាគមន៍ភ្លាមៗជួយបូមទឹកចេញពីក្នុងក្រុងបញ្ចៀសការជន់លិច៕