(ភ្នំពេញ)៖ បន្ទាប់ពីបានប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរួចមក នៅម៉ោង៨ព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលតាមបណ្តាខេត្តដទៃទៀត។
ក្រសួងអប់រំបានឲ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។
គួររំលឹកថា ការប្រឡងបាក់ឌុប ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ មានមណ្ឌលប្រឡងគ្រប់រាជធានីខេត្តចំនួន ២០២មណ្ឌល បន្ទប់ប្រឡង៤,៧២៤បន្ទប់ និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៧០៤៣នាក់។ បេក្ខជនអវត្តមានចំនួន១៨៣៥នាក់៕