Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ខ្លួនជនជាតិចិនជាង១០០នាក់ ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងបើកល្បែងអនឡាញ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ (Video inside)

09-09-2019 21:49

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបើកប្រតិបត្តិការចាប់ខ្លួនជនជាតិចិន សរុប១០៥នាក់ ស្រី១០នាក់ នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងបើកល្បែងតាមអ៊ីនធ័រណេត (Game Online)។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា ប្រតិបត្តិការចាប់ខ្លួនជនជាតិចិនទាំង១០៥នាក់នេះ ត្រូវបានធ្វើឡើងក្នុងអគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល បានបញ្ជាក់ទៀតថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបជនជាតិចិនទាំងអស់នេះ មានបំពាក់ស្លាកយីហោសាកលវិទ្យាល័យ «Excelpolitan University» ប៉ុន្ដែធាតុពិតទីតាំងនេះ បើកជួលឲ្យប្រព្រឹត្តអំពើល្មើសច្បាប់ទៅវិញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូត កុំព្យទ័រលើតុ DeskTop ចំនួន៨០គ្រឿងផងដែរ។

លោកប្រធាននាយកដ្ឋានរូបនេះ បានអះអាងថា ជនជាតិដែលសមត្ថកិច្ចចាប់ខ្លួននៅពេលនេះ មានខ្លះពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់ និងខ្លះទៀត ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងតាមអ៊ីនធ័រណេត។ បច្ចុប្បន្នជនសង្ស័យទាំងអស់នេះ ត្រូវបានបញ្ចូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីចាត់ការបន្ដតាមច្បាប់៕