(ត្បូងឃ្មុំ)៖ ជំនន់ទឹកទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ ឡើងលើសកម្រិតដែលត្រូវប្រកាសអាសន្នហើយ ពោលនៅពេលនេះមានកម្ពស់១៥.៦៤ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នត្រឹមតែ១៥.២០ម៉ែត្រ ដែលធ្វើឲ្យលិចភូមិឋានរបស់ប្រជាពលរដ្ឋមួយចំនួន នៅជាប់ដងទន្លេ។
ឆ្លើយតបនឹងបញ្ហានេះភ្លាមៗ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៅក្នុងមូលដ្ឋានឃុំជីរោរ៍១ និងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ដែលរស់នៅតាមបណ្តោយទន្លេមេគង្គ។
ថ្លែងក្នុងឱកាសនោះ លោក ហាក់ សុខមករា បានសម្តែងនូវក្តីអាណិតអាសូរដល់ពលរដ្ឋរងគ្រោះទាំងអស់ ដោយទឹកជំនន់ ជន់លិចផ្ទះសម្បែង និងដំណាំ ក៏ដូចជាលិចផ្លូវកាត់ផ្តាច់ការធ្វើដំណើររបស់ពួកគាត់។
អភិបាលរងខេត្តរូបនេះ ក៏បានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងអស់ ត្រូវមើលថែរក្សាសមាជិកគ្រួសារ ពិសេសកូនតូចៗ និងមនុស្សចាស់, ត្រូវពិសារទឹកឆ្អិនជានិច្ច និងត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស បង្កការគ្រោះថ្នាក់ដល់បងប្អូន។ ហើយបើមានបញ្ហាអ្វី សូមរាយការណ៍ទៅអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដែលមានប្រចាំការពេញ២៤ម៉ោង ដើម្បីជួយដល់បងប្អូនភ្លាមៗ៕