(ភ្នំពេញ)៖ ក្នុងចំណោមប្រទេសចំនួន១៦ ដែលបញ្ជូនពលករទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង កម្ពុជាកំពុងទទួលបានពិន្ទុខ្ពស់ជាងគេ គឺល្អប្រសើរជាងគេ ក្នុងការផ្តល់សេវាស្វែងរកទីផ្សារការងារជូនពលរដ្ឋខ្លួន នៅប្រទេសកូរ៉េខាងត្បូង។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំប្រចាំឆ្នាំលើកទី១៥ នៃសន្និសីទ EPS នៅប្រទេសកូរ៉េ ជាមួយនឹង ប្រទេសទាំង១៥ផ្សេងទៀត នាថ្មីៗនេះ បានអះអាងថា លក្ខណៈល្អប្រសើរជាងគេរបស់កម្ពុជា ក្នុងការផ្តល់សេវាទាំងនេះមានដូចជា៖
១៖ រយៈពេលធ្លាក់កិច្ចសន្យា រហូតដល់ថ្ងៃចេញដំណើរដល់កូរ៉េ តិចជាងគេ គឺត្រឹម ៤១ថ្ងៃ ក្នុងខណៈពេលរយៈពេលមធ្យមនៃប្រទេសផ្សេងទៀតមានចំនួន ៤៨ថ្ងៃ។
២៖ អត្រាពលករផ្លាស់ប្តូរថៅកែ ក្នុងរយៈពេល៣ខែដំបូង ក្រោយពេលចូលធ្វើការ ទាបជាងគេ។
៣៖ អត្រាពលកររស់នៅខុសច្បាប់មានចំនួនតិចជាងមធ្យមភាគ។
៤៖ មានសេវាចំណាយ គិតចាប់ពីពេលប្រឡងជាប់ រហូតដល់ពេលចេញដំណើរ (១០៥៧$) តិចជាងចំណាយមធ្យមភាគនៃប្រទេសផ្សេងទៀត (១០៩៧$) ជាពិសេស មិនមានការតម្រូវឲ្យពលករ ឬក្រុមគ្រួសារពលករដាក់ប្រាក់តម្កល់ចំនួនពី ៥០០០$ (ប្រាំពាន់ដុល្លារ ដូចនៅវៀតណាម និងទីម័រខាងកើត) ទៅ ៣៦០០០$ (បីម៉ឺនប្រាំមួយពាន់ដុល្លារ ដូចប្រទេសបង់ក្លាដេស) និងមានចំណាត់ការផ្នែកច្បាប់ ដោយហាមឃាត់គ្រួសារពលករមិនឲ្យចេញទៅក្រៅប្រទេស ប្រសិនជាពលកររត់គេច រស់នៅខុសច្បាប់នៅកូរ៉េ។ នេះជាចំណុចដែល HRD Korea ចង់ឲ្យបណ្តាប្រទេសផ្សេងទៀតផ្តោតលើការអប់រំសតិអារម្មណ៍ដល់ពលករប្រសើរជាងការដាក់ប្រាក់តម្កល់ ឬការគំរាមកំហែងផ្នែកច្បាប់ទៅលើសមាជិកក្រុមគ្រួសារដែលមានពលកររត់គេច។
៥៖ មានប្រព័ន្ធប្រឡងតេស្តសមត្ថភាពភាសាកូរ៉េតាមកុំព្យូទ័រធំជាងគេ។
៦៖ មានសេវាអមពលកររហូតដល់និយោជកមកទទួលល្អ ដែលជាហេតុធ្វើឲ្យនិយោជកមិនដែលអន់ចិត្តចំពោះការខកខានជើងយន្តហោះ ឬវង្វេងយន្តហោះដូចពលករប្រទេសមួយចំនួន។
៧៖ មានសេវាថែទាំពលករក្រោយពេលមកដល់កូរ៉េល្អជាងគេ គឺទី១. មានផ្ទះស្នាក់នៅបណ្តោះអាសន្នចំនួន ៧កន្លែងនៅទូទាំងប្រទេសកូរ៉េ, ទី២. មានបង្កើតកម្មវិធីប្រពៃណីច្រើនដើម្បីកាត់បន្ថយការនឹកស្រុកកំណើត និងផ្សព្វផ្សាយប្រពៃណីខ្មែរដល់និយោជកកូរ៉េ និងប្រជាជនកូរ៉េទាំងមូលឲ្យកាន់តែយល់វប្បធម៌ខ្មែរកាត់បន្ថយជម្លោះឬការយល់ច្រឡំ, ទី៣. មានវិធីសាស្ត្រក្នុងការបង្រៀនពលករឲ្យចេះសន្សំថវិកា និងផ្តល់វគ្គសហគ្រិនភាពដល់ពលករ, ទី៤. មានការស្នើសុំទៅ HRD Korea ចុះសួរសុខទុក្ខពលករញឹកជាងប្រទេសដទៃ (ជាមធ្យម1ខែ2ដង)។
៨៖ មានអត្រាជោគជ័យក្នុងជីវិតខ្ពស់ ក្នុងចំណោមពលករដែលចប់កិច្ចសន្យាការងារ ហើយវិលត្រឡប់ទៅដល់កម្ពុជាវិញ។
ជារៀងរាល់ឆ្នាំ ប្រទេសកូរ៉េខាងត្បូង បានអញ្ជើញតំណាងប្រទេសទាំង១៦ ដែលបានបញ្ជូនពលករទៅធ្វើការនៅប្រទេសកូរ៉េ ប្រជុំវាយតម្លៃ និងផ្តល់ពិន្ទុ ហើយប្រទេសដែលមានពិន្ទុល្អ កូរ៉េនឹងរក្សាចំនូនកូតា ផ្ទុយទៅវិញបើប្រទេសមានពិន្ទុតិច គេនឹងបន្ថយកូតា ក្នុងការទទួលយកពលករពីប្រទេសនោះជាដើម។
លោក ហេង សួរ បានអះអាងថា៖ «ជោគជ័យ និងកិត្តិយសនាថ្ងៃនេះ គឺផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលផង ពីបងប្អូនពលករខ្លួនឯងផង! សូមបងប្អូនពលករនៅកូរ៉េទាំងអស់ទទួលយកនូវការសរសើរពី HRD Korea និងនិយោជកកូរ៉េទាំងអស់គ្នា។ មានលទ្ធភាពផ្តល់ឱកាសការងារដល់បងប្អូនពលករខ្មែរមកធ្វើការនៅកូរ៉េ១នាក់ មានន័យថាដូចជាបានជួយធ្វើឲ្យគ្រួសារចំនួន ១គ្រួសារមានឱកាសផ្លាស់ប្តូរជីវភាពរស់នៅរីកចំរើនបានលឿន!»។
លោកបានជូនពរពលករខ្មែរ សហគមន៍ខ្មែរនៅកូរ៉េទាំងអស់ជួបតែសំណាងល្អ ជាពិសេសូមឲ្យមានសុខភាពល្អ ជួបនិយោជកកាន់តែល្អ និងមានការងារកាន់តែល្អធ្វើ!។ លោកបញ្ជាក់ថា៖ «យើងខ្ញុំនឹងខិតខំផ្តល់សេវាកាន់តែល្អថែមទៀតដល់បងប្អូន!»។
របាយការណ៍ដែលផ្តល់ដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០១៩នេះ កម្ពុជាមានពលករប្រមាណ ៥៤,៣១៩នាក់ កំពុងធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង ក្នុងនោះមានស្រ្តី ១១,៧២០នាក់។ ពលករទាំងនោះ បញ្ជូនថវិកាមកកាន់គ្រួសារ នៅស្រុកកំណើត ក្នុងប្រទេសកម្ពុជា ក្នុង១ឆ្នាំៗប្រមាណ៥០០លានដុល្លារសហរដ្ឋអាមេរិក៕