(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសារអបអរសាទរ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ ដែលទទួលបានជោគជ័យសម្រាប់ការប្រឡង។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏លើកទឹកចិត្តដល់បេក្ខជន ដែលមិនទាន់ទទួលបានជោគជ័យលើកនេះ ត្រូវតែបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ការប្រឡងលើកក្រោយ និងដើម្បីទទួលជោគជ័យនៅថ្ងៃខាងមុខជាបន្ដបន្ទាប់។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានបង្ហោះសារយ៉ាងដូច្នេះថា «អបអរសាទរប្អូនៗទាំងអស់គ្នា ដែលទទួលបានលទ្ធផលគាប់ប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩។ លទ្ធផលដែលប្អូនៗ ទទួលបាននៅពេលនេះ បានកើតចេញពីការខិតខំប្រឹងប្រែងច្រើនណាស់ ដែលប្អូនបានពុះពារចេញពីខ្លួនឯងផង ពីការបង្ហាត់បង្ហាញរបស់លោកគ្រូអ្នកគ្រូ ព្រមទាំងការទំនុកបម្រុងពីសំណាក់លោកពុក អ្នកម្តាយ អាណាព្យាបាលផង។
ជោគជ័យថ្ងៃនេះ ជាការចាប់ផ្តើមជំហានថ្មីមួយទៀតសម្រាប់អាជីពការងារ និងវិជ្ជាជីវៈរបស់ខ្លួន។ ចាប់ពីថ្ងៃនេះតទៅជាពិសេសក្នុងបរិបទសង្គមស៊ីវីល័យ ដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ប្អូនៗគួរបន្តសិក្សាស្វែងរកចំណេះដឹងកម្រិតឧត្តមសិក្សា និងចាប់យកជំនាញគោលមួយសម្រាប់គោលដៅជីវិត និងដើម្បីធ្វើយ៉ាងណាជាចលករដ៏មានសក្តានុពល ហើយក្លាយទៅជាប្រជាពលរដ្ឋឆ្នើមរបស់កម្ពុជា។
ដោយឡែក ខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗដែលមិនទាន់ទទួលបានជោគជ័យនៅថ្ងៃនេះ សូមប្អូនៗប្រឹងប្រែងហាត់ពត់លត់ដំខ្លួនបន្ថែម ដាក់អាទិភាពលើការសិក្សាអោយបានច្រើន សម្រាប់ការប្រឡងលើកក្រោយ និងដើម្បីទទួលបានជោគជ័យនៅថ្ងៃខាងមុខជាបន្តបន្ទាប់»។
ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។
យោងតាមក្រសួងអប់រំ ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេស A ចំនួន៤៤៣នាក់ ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន១៤១នាក់, ខេត្តសៀមរាប ៣៨នាក់, បាត់ដំបង ៣២នាក់, ខេត្តតាកែវ ២៩នាក់, ខេត្តកំពង់ចាម ២៧នាក់, ខេត្តព្រៃវែង ២៧នាក់, ខេត្តបន្ទាយមានជ័យ ២៥នាក់, ខេត្តកណ្តាល ២៣នាក់, ខេត្តកំពត ២៣នាក់, ខេត្តត្បូងឃ្មុំ ១៥នាក់, ខេត្តកំពង់ធំ១៤នាក់, ខេត្តព្រះសីហនុ ១៣នាក់, ខេត្តស្វាយរៀង ៨នាក់, ខេត្តពោធិ៍សាត់ ៧នាក់, ខេត្តកំពង់ឆ្នាំង ៦នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តក្រចេះ៤នាក់, ខេត្តកោះកុងម្នាក់, ខេត្តមណ្ឌលគិរីម្នាក់ និងខេត្តឧត្តរមានជ័យម្នាក់។
គួររំលឹកថា ការប្រឡងបាក់ឌុប ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ មានមណ្ឌលប្រឡងគ្រប់រាជធានីខេត្តចំនួន ២០២មណ្ឌល បន្ទប់ប្រឡង៤,៧២៤បន្ទប់ និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៧០៤៣នាក់។ បេក្ខជនអវត្តមានចំនួន១៨៣៥នាក់៕