(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការនៃក្រសួងនេះទាំងអស់ បានផ្ញើសាររំលែកមរណទុក្ខជូនគ្រួសារសព ឧត្តមសេនីយ៍ទោ ស៊ឹម តៃ នាយកការិយាល័យចារកិច្ចនៃក្រសួងការពារជាតិ ដែលទទួលមរណភាព ដោយរោគាពាធ នាវេលាម៉ោង០២៖៥០នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៣ឆ្នាំ។

ក្នុងសាររំលែកទុក្ខនេះដែរ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញក្តីសោកសង្រែងថា មរណភាពរបស់ ឧត្តមសេនីយ៍ទោ ស៊ឹម តៃ នាយកការិយាល័យចារកិច្ចនៃក្រសួងការពារជាតិ គឺជាការបាត់បង់កុលបុត្រមួយរូប ដែលបានបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំង បានធ្វើពលីកម្មសព្វ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុបម្រើប្រជាពលរដ្ឋ និងសង្គមជាតិដោយស្មោះសរ។

រដ្ឋមន្រ្តី វង សូត ក៏បានសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខ ដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយ ឧត្តមសេនីយ៍ទោ ស៊ឹម តៃ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ឧត្តមសេនីយ៍ទោ ស៊ឹម តៃ ទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕