(ភ្នំពេញ)៖ លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាបរងអាយុជីវិត ហ្វតតេ បានឲ្យដឹងថា បច្ចុប្បន្ននេះទីផ្សារធានារ៉ាបរងអាយុជីវិតនៅកម្ពុជា កំពុងរីកលូតលាស់ខ្លាំងដោយសារតែ មានក្រុមហ៊ុនធានារ៉ាបរងចូលមកច្រើន និងជួយឲ្យទីផ្សារមានការរីលូតលាស់។
លោកបន្ថែមថា ជាក់ស្ដែងក្រុមហ៊ុនធានារ៉ាបរងអាយុជីវិត ហ្វតតេ មានធានារ៉ាបរងអាយុជីវិត ដែលមានអាយុកាល៦ខែ និងធានារ៉ាបរងអាយុជីវិតទូទៅ ដែលមានអាយុកាល២០ជាងឆ្នាំ។
ការលើកឡើងបែបនេះ របស់លោក យក់ ចំរើនឬទ្ធិ ធ្វើឡើងក្នុងឱកាសដែលលោក ចូលរួមចុះហេត្ថលេខាសហការរវាង ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និងក្រុមហ៊ុន Further Underwriting International លើប័ណ្ណធានារ៉ាប់រងសុខភាព ដែលត្រូវបាននាំមកកាន់ទីផ្សារធានារ៉ាប់រង នៅកម្ពុជានៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។
លោក យក់ ចំរើនឬទ្ធិ បានបញ្ជាក់ថា «ទីផ្សារធានារ៉ាបរងមានការរីកលូតលាស់ខ្លាំង ដោយសារក្រុមហ៊ុនរ៉ាបរងអាយុជីវិតចូលមកច្រើន ដែលធ្វើឲ្យទីផ្សារកាន់តែរីកលូតលាស់ ហើយសម្រាប់ក្រុមហ៊ុនធានារ៉ាបរងអាយុជីវិ ហ្វតតេ ក្នុងឆ្នាំនេះនឹងអាចរកចំណូល លើទីផ្សារកម្ពុជាទាំងមូលបាន២៥០លានដុល្លារ»។
លោកបន្ថែមថា ដោយសារតែមានការរីកលូតលាស់ខ្លាំងលើផ្នែកនេះ បានជាក្រុមហ៊ុន ធានារ៉ាប់រងហ្វតតេ និងក្រុមហ៊ុន Further Underwriting International សហការគ្នាលើប័ណ្ណធានារ៉ាប់រងសុខភាពមេឌីគ្រីធីខលសាកល ត្រូវបាននាំមកកាន់ទីផ្សារធានារ៉ាប់រងនៅកម្ពុជា សម្រាប់លក់ជូនប្រជាពលរដ្ឋកម្ពុជា ដែលប័ណ្ណនេះមានតម្លៃតែ៣០សេនប៉ុណ្ណោះ ក្នុងមួយថ្ងៃតែអាចការពារសុខភាពពលរដ្ឋ បានយ៉ាងទូលំទូលាយព្រោះប័ណ្ណនេះ អាចការពារសុខភាពដែលមានទឹកប្រាក់ រហូតដល់១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោក យក់ ចំរើនឬទ្ធិ បានឲ្យដឹងថា ជាប្រពៃណីរបស់ពលរដ្ឋកម្ពុជាកន្លងមក ពេលមានជំងឺម្ដងៗ ពួកគាត់តែងតែលក់ផ្ទះ, គោក្របី និងទ្រព្យសម្បត្តិផ្សេងៗ ដើម្បីព្យាបាលជំងឺធ្វើយ៉ាងណាឲ្យតែ ជីវិតនៅរស់ ហើយនៅពេលដែលពួកគាត់លក់ទៅ ប្រើប្រាស់សម្រាប់ព្យាបាល និងចាយវាយពេលមានជំងឺអស់ គាត់នឹងចាប់ផ្ដើមជាថ្មីជាមួយបាតដទៃទទេ។
លោកបន្ថែមថា ដោយឃើញនូវទិដ្ឋភាពបែបនេះ ក្នុងនាមជាអ្នកធ្វើការងារ ក្នុងវិស័យធានារ៉ាប់រង មិនចង់អោយមានទិដ្ឋភាពបែបនេះ កើតមានឡើងនៅក្នុងស្រុកខ្មែរទៀត ទើបក្រុមហ៊ុនហ្វតតេ សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងក្រៅប្រទេស នាំយកនូវប័ណ្ណសន្យាធានារ៉ាប់រងថ្មី ដែលអាចការពារសុខភាពពលរដ្ឋកម្ពុជា បានយ៉ាងមានប្រសិទ្ធភាព និងអាចទៅព្យាបាល ជាមួយមន្ទីរពេទ្យល្បីៗនៅលើពិភពលោកដែលជាដៃគូររបស់ខ្លួន។
លោកបញ្ជាក់ថា «បច្ចុប្បន្ននេះវិស័យធានារ៉ាប់រង ការធានាទៅលើសុខភាព មានចំណែកធំជាងគេ និងរួមចំណែកបានហូតដល់ជាង៦០ភាគរយឯណោះ»។
លោកស្រី Judy ប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ក្រុមហ៊ុន Further Underwriting International ឲ្យដឹងថា ក្នុងវិស័យធានារ៉ាប់រងកម្ពុជា បច្ចុប្បន្នមានការលូតលាស់គួរឲ្យកត់សំគាល់ ហើយដើម្បីរួមចំណែកបន្ថែម ដល់ការលូតលាស់នៃវិស័យនេះនៅកម្ពុជា ទើបក្រុមហ៊ុន Further បានចូលមកផ្ដល់កញ្ចប់សេវាកម្មធានារ៉ាប់រង ដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការទទួលបាន ការការពារហិរញ្ញវត្ថុរបស់ខ្លួនក្នុងពេលមានជំងឺ។
លោកស្រីបញ្ជាក់ថា ក្រៅពីបង្កើតផលិតផល ធានារ៉ាប់រងថ្មី Further ក៏មានការផ្ដល់ជូនសេវាកម្ម ពាក់ព័ន្ធដទៃទៀតរាប់ចាប់តាំងពី ការចំណាយលើថ្លៃព្យាបាល រហូតដល់ការណាត់ជួប ជាមួយគ្រូពេទ្យ ការធ្វើដំណើរ និងការស្នាក់នៅថែមទៀត។ បន្ថែមពីនេះក្រុមហ៊ុនក៏ផ្ដល់ជូន អ្នកបកប្រែ និងសេវាប្រែជូនសម្រាប់ជារបាយការណ៍នៃ ការព្យាបាលផងដែរ៕