(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពីវិធាន និងបទប្បញ្ញត្តិ ស្តីពីលទ្ធកម្មសាធារណៈ ជូនសិក្ខាកាមគោលដៅជាមន្រ្តីលទ្ធកម្មចំនួន ១៦២ នាក់ មកពីក្រសួងចំនួន៤ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង ដើម្បីរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំឡើងដោយវិទ្យស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់គន្លឹះ និងជាស្នូលដ៏សំខាន់មួយ ដែលមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា-ភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការលើកដំបូងក្នុងឆ្នាំ២០០៤ ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន។ ជាពិសេស គឺការសម្រេចបាននូវភាពជឿទុកចិត្តនៃថវិកា នៅក្នុងដំណាក់កាលទី១ និង គណនេយ្យភាពហិរញ្ញវត្ថុ ក្នុងដំណាក់កាលទី២។
លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ថា ជោគជ័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានធ្វើឱ្យរាជរដ្ឋាភិបាលបង្កើតបាននូវអតិរេកថវិកាជាបន្តបន្ទាប់សម្រាប់បង្កើនជាបណ្តើរៗនូវការវិនិយោគសាធារណៈលើវិស័យសំខាន់ៗ ដូចជា អប់រំ និង សុខាភិបាល និងមានលទ្ធភាពអាចបង្កើនបៀវត្សជូនមន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបានរួមចំណែកជួយឱ្យរាជរដ្ឋាភិបាលធានាបានយ៉ាងរឹងមាំនូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌអនុគ្រោះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកបណ្ឌិតសភាចារ្យបានបញ្ជាក់ទៀតថា បច្ចុប្បន្នការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវបញ្ចប់ នៅឆ្នាំ២០២០ខាងមុខ, មុននឹងឈានទៅចាប់ផ្តើមដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងគោលដៅគឺដើម្បីបង្កើនគណនេយ្យភាពសមិទ្ធកម្ម។ ក្នុងទិសដៅនេះ ឯកសារយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានរាជរដ្ឋាភិបាលអនុម័តដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០១៨កន្លង ទៅក្នុងគោលបំណងប្រែក្លាយជាបណ្តើរៗនូវប្រព័ន្ធថវិកាកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយ ដែលមានប្រសិទ្ធភាព, គណនេយ្យភាព និងតម្លាភាព ស្របតាមឧត្តមានុវត្តអន្តរជាតិ។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ការកែទម្រង់ប្រព័ន្ធថវិកា គឺមិនគ្រាន់តែជាការផ្លាស់ប្តូររបៀបរបបនៃការគ្រប់គ្រងថវិកាប៉ុណ្ណោះទេ ប៉ុន្តែការងារនេះ គឺជាអភិក្រមដ៏សំខាន់មួយ នៃការកែទម្រង់អភិបាលកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋថែមទៀតផង។ ទន្ទឹមនេះ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាបាន ចង្អុលបង្ហាញឱ្យមាន យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥, ហើយដែលទើបត្រូវបានរាជ- រដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងពេលថ្មីៗនេះ ដោយហេតុថា ការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈ គឺជាផ្នែកមួយដ៏សំខាន់មួយនៃការគ្រប់គ្រងចំណាយសាធារណៈរបស់រាជរដ្ឋាភិបាល ។
វគ្គបណ្តុះបណ្តលនិងវិក្រឹតការនៅពេលនេះ គឺពិតជាបានរៀបចំឡើងទាន់ពេលវេលា និង ឆ្លើយតបពិតប្រាកទៅនឹងតម្រូវការ សម្រាប់ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិសេស គឺស្របតាមស្មារតីនៃ យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥ និង ផែនការយុទ្ធសាស្រ្តស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ៕