(កែប)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានតែងតាំងសមាសភាពថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ចំនួន៣៤រូប នៃអាណត្តិទី៥នេះ ដែលធ្វើឡើងនៅក្នុងអង្គពិធីបើកសន្និបាទសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អាណត្តិទី៥ (ឆ្នាំ២០១៩-២០២៥) នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកែប។
ពិធីនេះបានប្រារព្ធទៅក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោក កែន សត្ថា អធិបាលខេត្តកែប លោក ឡាយ ផេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងចូលរួមពីសំណាក់គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខាយុវជនកាកបាទ ក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ប្រមាណ៣០០នាក់។
ក្នុងអង្គសន្និបាតអាណត្តិទី៥នេះ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានតែងតាំងលោក ចម ប្រសិទ្ធ ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខាសរុបចំនួន ១៨រូប និងសមាជិកសមាជិកាពេញសិទ្ធិ បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព ១៥រូប ក្នុងនោះបានបោះឆ្នោតជ្រើសរើស លោក កែន សត្ថា ជាប្រធានគណៈកម្មាធិការសាខា, លោក ម៉ែន សុធី អនុប្រធានគណៈកម្មាធិការសាខា, លោកស្រី អ៊ុល ភីរុណ អនុប្រធានគណៈកម្មាធិការសាខាប្រចាំការ, លោកស្រី អ៊ូ សុគន្ធី លេខាធិការគណៈកម្មាធិការសាខា និងលោក កែវ ហុង ហិរញ្ញិក សម្រាប់ខេត្តកែប។
ក្នុងឱកាសនោះ លោក កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អាណត្តិទី៥ បានកោតសរសើរចំពោះគណៈកិត្តយសសាខា គណៈកម្មាធិការសាខាអាណត្តិ ទី៤ ព្រមទាំងសមាជិកសមាជិកា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា យុវជន កាកបាទក្រហម និងអនុសាខា កាកបាទក្រហម ក្រុង ស្រុកទាំងអស់ ដែលបានបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តមរបស់ខ្លួន ដោយសេចក្ដីក្លាហាន មិនរើសអើង និងមានឆន្ទៈគ្រប់ពេលវេលាកន្លងមក រហូតធ្វើឲ្យ សាខាកាកបាទក្រហមកម្ពុជាខេត្តកែប មានដំណើរការល្អ ពីមួយអាណត្តិទៅមួយអាណត្តិ។
លោកអភិបាលខេត្ត ក៏បានប្តេជ្ញាចិត្តថា ត្រូវបន្តពង្រឹងអភិបាលកិច្ចល្អ ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រងមានគណនេយ្យភាព និងតម្លាភាពនិងខិតខំពង្រឹងសមត្ថភាព គ្រប់គ្រងគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព ត្រូវខិតខំពង្រឹងពង្រីក អភិវឌ្ឍកម្លាំងចលកររួមមាន: យុវជន និងអ្នកស្ម័គ្រចិត្តពាក់ព័ន្ធឱ្យកាន់តែសកម្មថែមទៀត និងបន្តខិតខំអភិវឌ្ឍសាខា អនុសាខា ឱ្យនៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។
ថ្លែងនៅក្នុងអង្គសន្និបាតបាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានសំដែងការគាំទ្រចំពោះសមាជិកសមាជិកា គណៈកម្មាធិការសាខា ដែលទើបជាប់ឆ្នោត និងណែនាំតម្រង់ទិសដៅការងារបន្តសម្រាប់អាណត្តិទី៥ ដែលអង្គសន្និបាតបាន អនុម័តហើយដែរ ហើយត្រូវយកតួនាទីរៀងៗខ្លួន ដើម្បីអនុវត្តសកម្មភាពដែលកាកបាទក្រហមកម្ពុជា ធ្វើមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋទូទៅ បន្តឲ្យល្អប្រសើរថែមទៀត ដោយមិនរើសអើង ពូជសាសន៍ ពណ៌សម្បុរ និងមិនប្រកាន់និន្នាកានយោបាយអ្វីឡើយ និងត្រូវយកស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋរងគ្រោះ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។
លោកស្រីក៏បានអំពាវឲ្យអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យឯកជនសង្គមស៊ីវិល ដៃគូសហប្រតិបត្តិការសូមបន្តរក្សា និងពង្រឹងសាមគ្គីភាព លើកកម្ពស់វប្បធម៌ចែករំលែកបំផុសការចូលរួម យ៉ាងសកម្ម ក្នុងបុព្វហេតុមនុស្សធម៌ សមស្រប តាមការប្តេជ្ញាចិត្តយ៉ាងមុះមុត របស់សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។ ដោយឡែកនៅក្នុងអាណត្តិទី៥នេះ លោកស្រីអគ្គលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា អស់លោក លោកស្រី លោកឧកញ្ញា សមាជិកសមាជិកាលើកកម្ពស់ស្មារតីទទួលខុសត្រូវ ចំពោះមុខគណៈកម្មាធិការកណ្តាល។ ជាពិសេសត្រូវថែរក្សាកិត្តិយសសាខា ដែលទទួលបានកិត្តិនាមជាអ្នកសម្របសម្រួល និងគៀងគរប្រាក់មូលនិធិដើម្បីកសាងសាខាកាកបាទក្រហម ដែលមានលទ្ធភាព អាចបំពេញតម្រូវការ សម្រេចបានសកម្មភាពមនុស្សធម៌ ឲ្យកាន់តែល្អប្រសើរថែមទៀត។
លើសពីនេះទៀត ប្រធានគណៈកម្មាធិការសាខា ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្ររបស់សមាគមជាតិ ផែនការអភិវឌ្ឍន៍សាខា បន្តអភិបាលកិច្ចល្អ ដឹកនាំគ្រប់គ្រងដោយមានតម្លាភាព គណនីយភាព៕