(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ ប្រកាសជូនដំណឹងដល់បងប្អូនប្រជាអាជីវករកំពុងលក់ដូរ ស្ថិតនៅលើផ្លូវបេតុង ខាងមុខទីលានប្រជាធិបតេយ្យ និងសួនច្បារសូគីម៉ិច អមសងខាងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឲ្យបញ្ឈប់រាល់ការលក់ដូរទាំងអស់ ត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ បើក្នុងករណីមិនអនុវត្តតាមការណែនាំទេ និងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិ ឫបាត់បង់ផលប្រយោជន៍អ្វីឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដែលភ្នាក់ងារ Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់លោក ជា ពិសី បានធ្វើឡើយយោងលិខិតលេខ០៥៤/១៩ លស.ផ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ, ស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ដោយពិនិត្យឃើញថា ការលក់ដូររបស់បង-ប្អូនបច្ចុប្បន្នពុំមានរបៀបរៀបរយ មិនបានរៀបចំអនាម័យត្រឹមត្រូវ លក់ដូរបំពានលើសួនច្បារ និងការ៉ូឡាលើទីលាន ជាពិសេសបង្កការកកស្ទះចរាចរ និងឈានដល់ការបង្ករគ្រោះថ្នាក់ចរាចរដល់អ្នកធ្វើដំណើរតាមយានជំនិះក៍ដូចជាអ្នកថ្មើជើង។

នៅក្នុងសេចក្ដីជូនដំណឹងដដែលនេះបញ្ជាក់ថា កន្លងមករដ្ឋបាលខណ្ឌ ក៍បានអញ្ជើញបង-ប្អូនអាជីវករទាំងអស់មកណែនាំច្រើនលើកហើយដែរ ប៉ុន្តែបង-ប្អូនពុំបានអនុវត្តទៅតាមការណែនាំឡើយ។ ដូចនេះ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ រក្សាបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថានស្អាតសម្រាប់ប្រជាពលរដ្ឋទូទៅមកហាត់ប្រាណ និងកំសាន្ដ ក៍ដូចជាបញ្ជៀសការកកស្ទះចរាចរ និងបង្ករគ្រោះថ្នាក់ចរាចរជាយថាហេតុ តាមបណ្ដោយផ្លូវជាតិលេខ៥នេះ រដ្ឋបាលខណ្ឌ តម្រូវឲ្យបង-ប្អូនអាជីវករទាំងអស់ បញ្ឈប់ការលក់ដូរលើផ្លូវបេតុង ខាងមុខទីលានប្រជាធិបតេយ្យថ្មី និងសួនច្បារសូគីម៉ិច អមសងខាងផ្លូវជាតិលេខ៥ ក្នុងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕