(កំពត)៖ កំណាត់ផ្លូវជាតិលេខ៣ ពីវាលរិញ ទៅកំពតប្រវែងប្រមាណជា ២០គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកវាលរិញនោះ បាននឹងកំពុងរងការខូចយ៉ាងខ្លាំង បន្ទាប់ពីសាងសង់មិនទាន់ប៉ុន្មានផងនោះ។ ការខូចខាតនេះ បណ្តាលឱ្យប្រជាពលរដ្ឋរិះគន់ និងសម្តែងការងឿងឆ្ងល់ជាខ្លាំងថា មានមូលហេតុអ្វីផ្លូវសាងសង់មិនទាន់ទាំងរួចស្រួលបួលផងបែរជាខូចបែបនេះ?
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ បានអញ្ជើញចុះទៅពិនិត្យស្ថានភាពផ្លូវដែលខូច និងបានជួបជាមួយមន្ត្រីបច្ចេកទេសសាងសង់ផ្លូវនោះផងដែរ។ លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា កំណាត់ផ្លូវប្រវែងប្រមាណ ២០គីឡូម៉ែត្រនេះ រងការខូចខាតដោយសារស្ថានភាពដីនៅទីនោះស្អុយនៅខាងក្រោមជម្រៅរហូតដល់ទៅប្រមាណ ១៨ម៉ែត្រ ជាហេតុនាំឱ្យស្រុត និងខូចផ្លូវ។ មួយវិញទៀតកំណាត់ផ្លូវនេះតែងតែលិចទឹកនៅក្នុងរដូវភ្លៀង។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបានសម្រេចសាងសង់ដោយប្រើបច្ចេកទេសថ្មី ដោយលើកកម្ពស់ផ្លូវប្រមាណ៨តឹក ហើយកាយគ្រឹះចាក់ថ្មៗពីក្រោមបន្ថែម ដើម្បីការពារកុំឱ្យខូចដូចបច្ចុប្បន្នបន្តទៀត។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានធានាអះអាងជាមួយរូបលោកហើយ ការប្រើប្រាស់បច្ចេកទេសថ្មីនេះធានាឱ្យផ្លូវជាប់រយៈពេលប្រមាណ៥ឆ្នាំ ហើយបើចង់ឱ្យជាប់បានយូរលុះត្រាតែជីកដីស្អុយចេញជម្រៅទៅក្រោម ១៨ម៉ែត្រ។ តែក្រសួងមិនអាចជ្រើសយកវិធីជីកដីបាននោះឡើយ ដោយសារផ្លូវនេះត្រូវការធ្វើឱ្យបានឆាប់រហ័ស ដើម្បីប្រើសម្រាប់ប្រារព្ធពិធីបុណ្យសមុទ្រនៅក្នុងខេត្តកំពត និងការប្រារព្ធព្រឹត្តិការណ៍ជិះកង់កម្រិតពិភពលោក ដែលនឹងធ្វើឡើងនៅចុងឆ្នាំ២០១៩។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា ដើម្បីកែលំអរបច្ចេកទេសសាងសង់ផ្លូវនេះ ក្រសួងនឹងស្នើសុំខ្ចីថវិកាពីធនាគារពិភពលោកបន្ថែមប្រមាណជាង ៤លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្ចីរបស់ធនាគារពិភពលោក បានសម្រេចស្តារ និងជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ប្រវែង ៥៤.៣០គីឡូម៉ែត្រ ចន្លោះគីឡូម៉ែត្រ ១៤៧+១០០ ដល់គីឡូម៉ែត្រ ២០១+៤០០ ពីរង្វង់មូលវាលរេញ ទៅទីរួមខេត្តកំពត ដោយត្រូវចំណាយថវិកាប្រមាណ ១២លានដុល្លារអាមេរិក។ កំណាត់ផ្លូវនេះត្រូវជួសជុល និងកែលំអដោយអ៊ុតក្រាលកៅស៊ូ AC។
មកដល់ពេលបច្ចុប្បន្ននេះការសាងសង់ស្ទើរតែរួចរាល់ទៅហើយ ប៉ុន្តែជាការសោកស្តាយកំណាត់ផ្លូវប្រវែងប្រមាណជា ២០គីឡូម៉ែត្រចាប់ពីរង្វល់មូលវាលរិញ បានរងការខូចខាតដោយសារស្ថានភាពដី។ ពាក់ព័ន្ធការខូចខាតផ្លូវទាំងកំពុងសាងសង់នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្រេចដកមន្ត្រីត្រួតពិនិត្យបច្ចេកទេសចំនួន៧រូបផងដែរ៕