(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្ន វិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងផ្នែកបរិមាណ និងគុណភាព ហើយវឌ្ឍនភាពនៃវិស័យអប់រំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់ការរីកលូតលាស់នៃសង្គម និងសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។
ការលើកឡើងបែបនេះបានធ្វើឡើងក្នុងឱកាសដែលលោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិតឯកទេស ឱសថការីមធ្យម បរិញ្ញាបត្ររងគិលានុបដ្ឋាក បរិញ្ញាបត្រឆ្មប និងបរិញ្ញាបត្រជាន់ខ្ពស់ សរុប៤៣៧រូប នៅនៅសាកលវិទ្យាល័យអន្តរជាតិ (IU) កាលពីចុងសប្តាហ៍កន្លងទៅនេះ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ការទ្រទ្រង់និរន្តរភាព នៃកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត គឺអាស្រ័យលើការ អភិវឌ្ឍធនធានមនុស្ស ជាកត្តាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់បន្តកែទម្រង់ទៅមុខ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពជំនាញសម្រាប់បម្រើសង្គមជាតិ និងទីផ្សារការងារ។
លោក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេស ដែលមានការអភិវឌ្ឍឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្ម។ កម្ពុជាកំពុងស្ថិត លើផ្លូវដ៏ត្រឹមត្រូវ ដែលធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនឡើង ជាលំដាប់លើគ្រប់វិស័យពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា ក្រៅពីការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ ផ្នែកមួយទៀតនៃការអភិវឌ្ឍធនធានមនុស្ស គឺការធ្វើឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ដែលកត្តាទាំងពីរនេះ ត្រូវបំពេញឲ្យគ្នាទៅវិញទៅមក។
លោកបន្ដថា សុខភាពគឺជាទ្រព្យធន ដ៏មានតម្លៃមិនអាចខ្វះបាន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើន សេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ដូច្នេះ ការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់អាទិភាព ដល់វិស័យសុខាភិបាលនេះ ជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ ទាំងក្នុងពេលបច្ចុប្បន្នចំពោះមុខ និងអនាគតរយៈពេលវែងខាងមុខ។
លោកថា កាលណាប្រជាជនមានសុខភាពល្អមាំមួន ប្រជាជននឹងមានលទ្ធភាពចូលរួមពេញលេញ ក្នុងគ្រប់សកម្មភាពសង្គម ជាពិសេសសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារ និងមានលទ្ធភាពបញ្ជូនកូនចៅទៅសាលារៀន ឲ្ទទួលបានចំណេះដឹង ក្លាយជាធនធានមនុស្ស មានសមត្ថភាពជំនាញពិតប្រាកដ និងជាកម្លាំងដ៏សកម្មក្នុងការអភិវឌ្ឍជាតិ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផ្តើមចេញពីគោលគំនិតនេះ រាជរដ្ឋាភិបាលតែងបានខិតខំបង្កើនធនធាន និងកិច្ចសហប្រតិបត្តិការកៀងគរជំនួយជាតិ និងដៃគូអភិវឌ្ឍអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ជាមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបំពាក់ឧបករណ៍បរិក្ខារ ជាដើម ដែលបម្រើឱ្យការផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេស។
ជាលទ្ធផល កម្ពុជាសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗជាច្រើន ក្នុងនោះស្ថានភាពសុខភាពសាធារណៈត្រូវបានកែលម្អជាលំដាប់ រួមជាមួយនឹងការយកចិត្តទុកដាក់ ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល នៅគ្រប់កម្រិត។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ លោក ហ៊ុន ម៉ាណែត។
លោកបន្ដទៀតថា ជាក់ស្ដែង កម្ពុជាក៏បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួន គួរឲ្យកត់សំគាល់ ដែលក្នុងនោះ មានគោលដៅចំនួន ០៤ ត្រូវបានសម្រេចមុនកាលបរិច្ឆេទកំណត់ គឺការកាត់បន្ថយអត្រាមរណៈកុមារ, ការលើកកម្ពស់សុខភាពមាតា, ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺឆ្លង, និងការបង្កើនភាពជាដៃគូជាសកលសម្រាប់កិច្ចអភិវឌ្ឍន៍៕