(កំពត)៖ មន្ដ្រីនគរបាលពាក់ស័ក្ដិ ២ម្នាក់ និងបក្ខពួក ៩នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលខេត្តកំពតចាប់ខ្លួន ក្រោយប្រើប្រាស់អំពើហិង្សាទៅលើបុរសម្នាក់ ដែលជាកម្មករចាក់សាំងឡាន នៅស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ភូមិក្រាំង សង្កាត់ក្រាំងអំបិល ក្រុងកំពត ខេត្តកំពត។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា ដើមហេតុដំបូងផ្ដើមចេញពី មន្ដ្រីនគរបាលម្នាក់ រួមជាមួយបក្ខពួក៩នាក់ផ្សេងទៀត ជិះរថយន្ដ២គ្រឿង បានចូលទៅចាក់សាំងនៅស្ថានីយ៍ប្រេងខាងលើ ដោយមន្ដ្រីនគរបាលនោះ ប្រាប់អ្នកចាក់សាំងឲ្យចាក់ចំនួន៥០ដុល្លារ។
ក្រោយមកចាក់បានត្រឹមតែ ៤៤ដុល្លារប៉ុណ្ណោះ ឡានរបស់មន្ដ្រីនគរបាលនោះក៏ពេញមិនអាចចាក់ទៀតបាន ហើយភ្លាមនោះ ក្រុមជនបង្កបានឲ្យអ្នកចាក់សាំងយកប៊ីដុង មកចាក់បន្ថែមឲ្យគ្រប់ចំនួន៥០ដុល្លារ តែដោយសារខាងស្ថានីយប្រេងមិនមានប៊ីដុងដើម្បីចាក់បន្ថែមនោះ ស្រាប់តែក្រុមជនបង្កប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះទាំងកម្រោលតែម្ដង។
លោកស្នងការបានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានចំនួន១០នាក់នោះរួមមាន ទី១៖ឈ្មោះ សួន តុសិតពិទូរ្យ អាយុ៣០ឆ្នាំ មុខរបរនគរបាលនាយរងផ្នែក នៃនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី១ ក្រុងតាខ្មៅ ខេត្តកណ្តាល (ជនដៃដល់), ទី២៖ឈ្មោះ សេង សុភត្រ្តា អាយុ២០ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិទួលរកា សង្កាត់ចក្រអង្រែ ខណ្ឌមានជ័យ, ទី៣៖ឈ្មោះ កាន់ សេងហ៊ុយ អាយុ២០ឆ្នាំ មានទីលំនៅព្រែកតាគង់ សង្កាត់ចង្រអង្រែលើ ខណ្ឌមានជ័យ, ទី៤៖ឈ្មោះ គឹម ចិន អាយុ២២ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ទី៥៖ឈ្មោះ ថៃ បញ្ញា អាយុ២២ឆ្នាំ មុខរបរជាងឡាន នៅរាជធានីភ្នំពេញ, ទី៦៖ឈ្មោះ សុទ្ធ ចំរើន អាយុ២៨ឆ្នាំ, ទី៧៖ឈ្មោះ ឃីម ស្រីតូច ភេទស្រី អាយុ២៦ឆ្នាំ នៅខេត្តកំពង់ចាម, ទី៨៖ឈ្មោះ ហេង ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ នៅរាជធានីភ្នំពេញ, ទី៩៖ឈ្មោះ រ័ត្ន ដាលីន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិដីឡូ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងទី១០៖ឈ្មោះ ហេង សុភើន ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិស្វាយឫស្សី ឃុំដូនកែវ ស្រុកតាកែវ ខេត្តតាកែវ។ ដោយឡែក ជនរងគ្រោះឈ្មោះ ម៉ុន រ៉ាម៉ន អាយុ១៨ឆ្នាំ រងរបួសពកថ្ងាសខាងឆ្វេង និងបែកក្បាលផ្នែកខាងក្រោយមួយកន្លែង។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានអះអាងទៀតថា ក្រោយសមត្ថកិច្ចឃាត់ខ្លួន ស្រាប់តែប្រទះឃើញគ្រឿងញៀនចំនួន៨កញ្ចប់ដែលពួកគេលាក់ទុក នៅតាមខ្លួនផងដែរ។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕