(កំពង់ធំ)៖ នាឱកាសសម្ពោធសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តដល់ម្ចាស់ និងអ្នកគ្រប់គ្រងនៅសណ្ឋាគារនេះ ពិចារណាបង្កើតឱ្យមានសកម្មភាពទស្សនាកម្សាន្តជូនភ្ញៀវទេសចរ ដោយរៀបចំជាខ្សែទស្សនកិច្ចនៅតាមតំបន់កសិទេសចរណ៍នានាជុំវិញខេត្ត ភ្ជាប់ជាមួយតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាគោលដៅទេសចរណ៍វប្បធម៌បេតិកភណ្ឌដ៏មានសក្ដានុពល។
សណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ នឹងចូលរួមបម្រើសេវាកម្មស្នាក់នៅដ៏សំខាន់មួយទៀតប្រចាំខេត្តកំពង់ធំ ជាប់ចំណាត់ថ្នាក់ផ្កាយបួន គួបផ្សំនឹងខេត្តកំពង់ធំក៏មានតំបន់បេតិកភណ្ឌពិភពលោកដ៏សំខាន់មួយ គឺតំបន់ប្រាសាទសំបូរព្រៃគុកផងនោះ ទើបលោករដ្ឋមន្ត្រី ថោង ខុន ជំរុញឱ្យសណ្ឋាគារត្រូវចាប់យកឱកាសនេះមកប្រើប្រាស់ឱ្យអស់សក្ដានុពល ទោះបីមិនទាន់សម្រេចបានភ្លាមៗក៏ដោយ។
លោក ថោង ខុន បានលើកឡើងថា នៅតំបន់ប្រាសាទសំបូរព្រៃគុក ក្រៅពីគោលដៅទេសចរណ៍វប្បធម៌ ក៏មានសក្ដានុពលកសិទេសចរណ៍ផងដែរ ដូចជា ចម្ការស្វាយចន្ទី ស្រែស្រូវ សិប្បកម្មផលិតគ្រាប់ស្វាយចន្ទី សិប្បកម្មតម្បាញក្រមាសូត្រ សិប្បកម្មផលិតរបស់ប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍អំពីរពាក់ ឫស្សីជាដើម ដែលសុទ្ធសឹងជាផលិតផលទេសចរណ៍ សម្រាប់បង្ហាញជូនភ្ញៀវទេសចរដែលទស្សនាខេត្តកំពង់ធំ។
លោកបន្តថា ភ្ញៀវទេសចរមួយចំនួនធ្លាប់តែទទួលទានបាយ បន្លែ ផ្លៃឈើ និងគ្រាប់ធញ្ញជាតិនានា ប៉ុន្តែមិនទាន់បានឃើញការដាំដុះ ការប្រមូលផល ការកែច្នៃរបស់ទាំងអស់នោះនៅឡើយទេ ហើយពួកគេក៏ពិតជាចង់ឃើញដំណើរការផលិតរបស់ទាំងនោះផងដែរ ដូច្នេះប្រជាពលរដ្ឋអាចបង្ហាញឱ្យពួកគេទស្សនាបាន ជាមួយនឹងការទទួលបានកម្រៃតាមរយៈសេវាទេសចរណ៍។
ក្រៅពីនេះ នៅមានសួនបន្លែ សួនផ្កា និងចម្ការដំណាំជាច្រើនទៀត ដែលសណ្ឋាគារអាចទំនាក់ទំនងជាមួយប្រជាពលរដ្ឋម្ចាស់ចម្ការ ក្នុងការរៀបចំទស្សនកិច្ចទេសចរណ៍ជូនភ្ញៀវទេសចរ ពិសេសដើម្បីពន្យារពេលនៃការស្នាក់នៅរបស់ភ្ញៀវទេសចរឱ្យបានច្រើនថ្ងៃ។
លោកក៏បានស្នើដល់សណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ ចូលរួមគាំទ្រផលិតផលក្នុងស្រុក ពិសេសគឺផលិតផលសហគមន៍ក្នុងខេត្តកំពងធំតែម្តង ទាំងការប្រើប្រាស់ជាបរិក្ខារតុបតែងលម្អ ការផ្គត់ផ្គង់សម្ភារៈក្នុងបន្ទប់ស្នាក់ និងការផ្គត់ផ្គង់តម្រូវការក្នុងភោជនីយដ្ឋាន។ លោកក៏បានស្នើឱ្យរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ត្រូវជំរុញការប្រមូលផ្តុំ និងចែកចាយបន្តនូវរាល់ផលិតផលក្នុងស្រុក។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្រៅពីមានតំបន់បេតិកភណ្ឌពិភពលោក (តំបន់ប្រាសាទសំបូរព្រៃគុក) ខេត្តកំពង់ធំ ក៏ជាចំណុចកណ្ដាលដ៏សំខាន់នៃការធ្វើដំណើរពីរាជធានីភ្នំពេញទៅមកសៀមរាប-អង្គរ និងពីរាជធានីភ្នំពេញទៅមកខេត្តព្រះវិហារ និងប្រាសាទព្រះវិហារ ដែលសុទ្ធតែជាតំបន់ទេសចរណ៍បេតិកភណ្ឌដ៏សំខាន់របស់កម្ពុជា ហើយនាពេលខាងមុខ ខេត្តកំពង់ធំនឹងត្រូវតភ្ជាប់ជាមួយខេត្តកំពង់ឆ្នាំង ក៏ដូចជាតំបន់ខាងលិចបឹងទន្លេសាប និងទន្លេសាប តាមរយៈការកសាងស្ពានឆ្លងទន្លេសាប។
ទន្ទឹមនឹងនោះ លោក ថោង ខុន បានស្នើដល់រដ្ឋបាលខេត្តកំពង់ធំ ត្រូវពន្លឿនការងារអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានសក្តានុពលផ្សេងៗទៀតឲ្យបានឆាប់រហ័ស ពិសេសគឺការកសាងហេដ្ឋារចនាសម្ព័ន្ធទៅកាន់គោលដៅទាំងនោះ និងការពង្រឹងយន្តការគ្រប់គ្រងការរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានជាដើម។
លោកឧកញ៉ា គុយ លាងគី ម្ចាស់សណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ បានឱ្យដឹងថា សណ្ឋាគាររបស់លោកមានបន្ទប់ចំនួន ៨៧ ក្នុងនោះមានសេវាកម្មម្ហូបអាហារ ក្លឹបកីឡាសុខភាព អាងហែលទឹក កន្លែងហាត់ប្រាណ ស្ទីម-សូណា ម៉ាស្សា ស្ប៉ា ស្កាយបារ ដែលត្រូវបានចំណាយទុនសាងសង់ប្រមាណ ៤លាន៨សែនដុល្លារ។ បច្ចុប្បន្នសណ្ឋាគារនេះ កំពុងប្រើប្រាស់បុគ្គលគ្រប់ផ្នែកចំនួន ៧៩នាក់ (ស្រី ៣៤នាក់)៕