(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហការជាមួយក្រុមហ៊ុនធំៗចំនួន១១ រៀបចំវេទិកាការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួន ជិត១ពាន់កន្លែង។
ក្នុងនោះរួមមាន៖ Toyota Cambodia, Lucky Supermarket, Asianerial Advisory Int co., ltd. , EZECOM , Master Suki Soup, ISI STEEL, SsangYong Cambodia, Yinkok Food Corp, Dyvith Hotel , Makro Cambodia, BROWN Coffee and Bakery។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា NEA បានរួមចំណែកជួយដល់និយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ឲ្យបានជួបអ្នកដែលកំពុងស្វែងរកការងារធ្វើជាច្រើនមកហើយ។
លោក ភារៈ បន្ថែមទៀតថា កម្មវិធីនេះបានផ្ដល់ឱកាសដល់សាធារណៈជន ក៏ដូចជាដល់យុវជនដែលចង់ស្វែងការងារធ្វើ តាមរយៈស្ថាប័នរដ្ឋដោយមិនពិបាកដើរស្វែងរកការងារ ចំណាយពេលធ្វើដំណើរទៅដាក់CV នៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើហើយ ចង់ផ្លាស់ប្ដូរការងារក៏អាចចូលរួមបានផងដែរ។
សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹកដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕