(ស្វាយរៀង)៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋជាង ៣០០នាក់ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថា សូមប្រជាពលរដ្ឋត្រូវចូលរួម ការពារសុខសន្តិភាពឲ្យបានជាដាច់ខាត កុំចាញ់បោកតាមការឃោសនា របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិតសមរង្ស៊ី។
ការលើកឡើងបែបនេះ នៅគ្រាដែលលោកអភិបាលស្រុកស្វាយជ្រំ និងលោកស្រីប្រធានក្រុមការងារចុះជួយឃុំ ដឹកនាំក្រុមការងារ អញ្ជើញចូលរួមក្នុងពិធីបុណ្យ និងសំណេះណាល ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣២៥នាក់ ស្ថិតនៅវត្តប្រាសាទក្រហម ភូមិខ្នុរខាងជើង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។
លោក ហែម សារិទ្ធ បានលើកឡើងទៀតថា វិស័យព្រះពុទ្ធសាសនា បានអប់រំមនុស្សឲ្យប្រព្រឹត្តិនូវអំពើល្អ និងការចូលរួមកសាងសមិទ្ធផលផ្សេងៗ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ បោះជំហានទៅមុខជានិច្ច ក្រោមការដឹកនាំ របស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីទីក្រុងរហូតដល់ជនបទ តែងតែទទួលបាននូវផ្លូវស្ពាន សាលារៀន មន្ទីរពេទ្យ អគ្គីសនីជាដើម!ទាំងអស់នេះ ជាចក្ខុវិស័យដ៏វែងឆ្ងាយ ដែលធ្វើឲ្យប្រទេសជាតិយើង មានការរីកចម្រើនដូចសព្វថ្ងៃ។
លោកអភិបាលស្រុក បានបញ្ជាក់ថា មានសន្តិភាពទើបយើង មានការអភិវឌ្ឍន៍ និងទទួលបានភាពសុខដុមនៅទូទាំងប្រទេស សន្តិភាពសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នា។ ប៉ុន្តែពួកប្រឆាំង គេមិនសប្បាយចិត្តទេ ជានិច្ចជាកាលពួកគេតែងតែប៉ុនប៉ង ចង់ធ្វើបដិវត្តន៍ពណ៌ តាមគ្រប់រូបភាពក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីទាញប្រទេសជាតិ ឲ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមឡើងវិញ។
បន្ទាប់ពីបុណ្យចប់លោកស្រីប្រធានក្រុមការងារ ចុះជួយឃុំស្វាយអង្គ និងលោកអភិបាលស្រុក បានបន្តផ្តល់អំណោយ ដែលបានមកពីការបរិច្ចាកពីវត្តអារាមនានា ក្នុងស្រុកស្វាយជ្រំ ជូនគ្រួសារក្រីក្រចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម, មុង, កន្ទេល, ភួយ, ចង្ក្រានហ្គាស, ឆ្នាំងបាយ, ឆ្នាំងចាវ, វែកបាយ វែកសម្លរ, ចាន, ចានដែក, សូទឹកក្តៅ, កំសៀវទឹក វែកឆា, ស្លាបព្រា, កែវទឹក, ផ្តិលទឹក ទឹកត្រី, ទឹកស៊ីអ៉ីវ, ស្ករស, ទឹកដោះគោ, កញ្រ្ចែង, អំបិល, ប្រេងឆា, អំបិល, ប៊ីចេង, កន្ថោ, ការទឹក, កាំបិត, ស្បែកជើង, ជ្រុញ គិតជាថវិកាសរុបចំនួន១,៧៥០,០០០រៀល៕