(កំពង់ស្ពឺ)៖ ទេសរដ្ឋមន្ត្រី អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែសីហា និងលើក ទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ នៅទីស្នាក់ការគណបក្សខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩។

បន្ទាប់មក នៅរសៀលថ្ងៃដដែលលោកទេសរដ្ឋមន្ត្រី អៀង មូលី ក៏បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ ការងារគណបក្ស ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចប្រចាំឆមាសទី២ ឆ្នាំ២០១៩ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគណបក្សខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ លោកបានមានប្រសាសន៍ទៅ កាន់សមាជិក សមាជិកាទាំងអស់នៃអង្គប្រជុំថា គណបក្សប្រជាជនកម្ពុជាត្រូវយក ឈ្នះរាល់ការ បោះឆ្នោត ដើម្បីបន្តដឹកនាំប្រទេសយូរអង្វែងក្នុង គោលបំណងសម្រេចនូវក្តីបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាគឺ សេចក្តីសុខ សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ក៏ដូចជាសម្រេចនូវទស្សនវិស័យរបស់ជាតិ ដែលបានកំណត់ថា ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកក៏បានបញ្ជាក់បន្ថែមថា ដើម្បីធានាសម្រេចបាននូវទិសដៅខាងលើ យើងទាំងអស់ គ្នាដែលជាសមាជិកគណបក្សប្រជាជន ត្រូវចូលរួមក្នុងការអនុវត្តនូវកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្ររបស់គណបក្សឱ្យទទួលបានជោគជ័យ ដោយត្រូវចុះពង្រឹងជួបជាប្រចាំជាមួយសមាជិកគណបក្សនៅតាមមូលដ្ឋាន ជាពិសេសនៅភូមិ ឃុំ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពួក គាត់ឱ្យបានទាន់ពេល ព្រោះថាសម្លេងគាំទ្ររបស់គណបក្ស គឺស្ថិតនៅភូមិឃុំនោះឯង។

លោកបានសង្កត់ធ្ងន់ថា គណបក្សស្រុក ឃុំ និងសាខាភូមិត្រូវ យល់ឱ្យច្បាស់នូវចលនាគំនិតទាំងឡាយដែលនាំឱ្យមានភាពវឹកវរក្នុង មូលដ្ឋានរបស់ខ្លួន និងចូលរួមទប់ស្កាត់ឱ្យបានទាន់ពេលវេលា និង មានប្រសិទ្ធភាពនូវចលនាប្រឆាំងខុសច្បាប់ និងក្តីសង្ឃឹមរបស់អ្នក គាំទ្រអតីតគណបក្សសង្គ្រោះជាតិ ដែលរំពឹងថាគណបក្សរបស់ពួកគេ គាំទ្រនោះអាចត្រឡប់មកវិញ។ អតីតគណបក្សមួយនេះ ត្រូវបាន តុលាការកំពូលរំលាយស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជារួចទៅហើយ មិនអាចកើតវិញជាដាច់ខាត ហើយអ្នកគាំទ្រគណបក្សដែលខុសច្បាប់ នឹងមាន ទោសដូចគ្នាផងដែរនៅពេលពួកគេមានសកម្មភាពណាមួយ ចូលរួមគាំទ្រគណបក្សនេះ។

ជាការណែនាំបន្ថែម លោកបានឱ្យគណបក្សស្រុករៀបចំ និង ពង្រឹងរចនាសម្ព័ន្ធបក្សឱ្យបានពេញលេញតាមលក្ខន្តិកៈគណបក្ស និងចូលរួមបម្រើប្រជាជន ដើម្បីធ្វើឱ្យមានប្រក្រតីភាពជីវភាព សន្តិសុខប្រចាំថ្ងៃរបស់ប្រជាជននៅតាមមូលដ្ឋានភូមិ ឃុំ ឆ្លើយតបនឹងសំណូមពររបស់ប្រជាជនឱ្យមានប្រសិទ្ធភាព៕