Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមចលនាយុវជនកម្ពុជា «ក១៥៧» នាំយកអំណោយចែកជូនប្រជាពលរដ្ឋគ្រោះដោយទឹកជំនន់ នៅស្រុកសំបូរ ខេត្តក្រចេះ

09-09-2019 12:08

(ក្រចេះ)៖ សមាគមចលនាយុវជនកម្ពុជា «ក១៥៧» ដឹកនាំដោយលោក មិត្ត ឆៃយុត្តិ ប្រធានក្រុម «ក១៥៧» ខេត្តក្រចេះនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ បានចុះសហការជាមួយអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ ដើម្បីចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់គ្រួសារ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ចាស់ជរាគ្មានទីពឹង ពិការភាព និងកុមារកំព្រា ចំនួន ៤០គ្រួសាររស់នៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

លោក មិត្ត ឆៃយុត្តិ បានឲ្យដឹងនៅថ្ងៃទី៩ ខែកញ្ញានេះថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានគណៈកម្មាធិការកណ្តាលសមាគមចលនាយុវជនកម្ពុជា «ក១៥៧» ជំរុញឲ្យថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកានៅតាមខេត្ត ក្រុង ធ្វើយ៉ាងណាត្រូវតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឺកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងដែលបណ្តាលឲ្យលិចលង់ គេហដ្ឋាន សត្វពាហនៈរបស់ពួកគាត់។

ក្រុមការងារ បាននាំយកអំណោយទៅឧបត្ថម្ភពួកគាត់ដោយគ្រួសារនិមួយៗ ទទួលបានគ្រឿងឧបភោគ បរិភោគដូចជា អង្ករ ១បេ (25kg), មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ១យួរ និងប្រេងកូឡា១ដប ហើយក្នុងនោះដែរ គ្រួសារលោកតាដែលពិការជើងមានជីវភាពលំបាកខ្លាំងជាងគេ ទទួលបានថវិកាបន្ថែមចំនួន100.000រៀល។

ជាមួយគ្នានេះដែរ ប្រធាន មិត្ត ឆៃយុត្តិ ក៏បានពាំនាំនូវការផ្តាំសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់ពីសំណាក់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោគ ដែលលោក គឺជាអ្នកស្ថាបនិកក្រុមសមាគមចលនាយុវជនកម្ពុជា «ក១៥៧» នេះឡើងបំណងជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ និងកុមារកំព្រា ។ល៕