(កណ្ដាល)៖ បន្ទាប់ពីមានការវែកញែកគ្នា មិនទាន់ត្រូវគ្នាជុំវិញមតិដោះស្រាយ ចំពោះការរំដោះសាឡង់ដឹកខ្សាច់ដែលជាប់គឿងនឹងសសរស្ពានព្រែកតាមាក់មកនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមកដោះស្រាយបញ្ហានេះដោយផ្ទាល់នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីសាលាខេត្តកណ្ដាល បានបញ្ជាក់ប្រាប់មកអង្គភាព Fres News នាព្រឹកមិញនេះ។
គួរជម្រាបថា សមាសភាពមន្ត្រីដែលចូលរួមជជែកវែកញែករកដំណោះស្រាយនាព្រឹកមិញនេះរួមមាន៖ មន្ត្រីជំនាញមកពីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក លីម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង រីឯមន្រ្តីសាលាខេត្តកណ្ដាលវិញដឹកនាំដោយលោក គង់ សោភ័ណ អភិបាលរងខេត្តកណ្ដាល ព្រមទាំងក្រុមអ្នកជំនាញស្ថាបនាស្ពានព្រែកតាមាក់ គឺក្រុមហ៊ុនសៀងហៃផងដែរ។
ការជជែកផ្ទុយគំនិតគ្នាព្រឹកមិញនេះ ដោយខាងក្រសួងសាធារណការ និងដឹកជញ្ជូន ចង់ឲ្យមានការបូមខ្សាច់ចេញឲ្យអស់ពីសាឡង់បូមខ្សាច់នោះ ប៉ុន្តែខាងសាលាខេត្តកណ្ដាលវិញ បានឲ្យយោបល់ផ្សេងៗពីបញ្ហាលំបាក។ បើសិនជាបូមខ្សាច់ចេញបែបនេះ លោក គង់ សោភ័ណ ចង់ឲ្យសាឡង់ធំៗ ទាញយកសាឡង់ដែលជាប់គឿងនោះចេញតែម្ដង។ ប៉ុន្តែមតិទាំង២នេះ ហាក់ពុំទាន់ត្រូវគ្នា ក៏ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងមកដោះស្រាយដោយផ្ទាល់នារសៀលថ្ងៃនេះវិញ។
សូមបញ្ជាក់ថា កាលពីរសៀលម្សិលមិញ សាឡង់ដឹកខ្សាច់មួយគ្រឿង បានបើក និងទៅជាប់គាំងជាមួយសសរស្ពានព្រែកតាមាក់ (សសរទី៣) បណ្តាលឲ្យគៀបជាប់នៅនឹងសសរស្ពានតែម្តង។ ភ្លាមៗក្រោយទទួលបានព័ត៌មាន អភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ បានចុះទៅជួយអន្តរាគមន៍ ដើម្បីរកមធ្យោបាយទាញក្បាលសាឡង់ដឹកខ្សាច់នេះចេញពីសសរស្ពាន។
បើតាមលោកឧត្តមសេនីយ៍ស្នងការ អ៊ាវ ចំរើន ចំពោះហេតុការណ៍នេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យផ្អាកសាឡង់ដឹកខ្សាច់ផ្សេងទៀតឆ្លងកាត់ក្រោមស្ពានជាបណ្តោះអាសន្ន រង់ចាំការទាញសាឡង់ដែល បុកនេះចេញសិន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុបន្តទៀត។
ស្ពានព្រែកតាមាក់មានប្រវែង សរុប១០៦០ម៉ែត្រ និងទទឹងប្រវែង ១៣.៥ ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការសាងសង់ស្ពាននេះ បានចំណាយថវិកាប្រមាណ៤៣.៥លានដុល្លារ ក្រោមជំនួយប្រាក់កម្ចីរបស់ប្រទេសចិន និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០កន្លងទៅ៕