Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹទ្ធសភា ផ្ញើសាររំលែកទុក្ខគ្រួសារសពឧត្តមសេនីយ៍ទោ ស៊ឹម តៃ នាយការិយាល័យចារកិច្ច នៃក្រសួងការពារជាតិ ក្រោយទទួលមរណភាពក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ

09-09-2019 11:26

(ភ្នំពេញ)៖ អនុប្រធានទី២ ព្រឹទ្ធសភា លោក ទព ងន តំណាងរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានបព្រឹទ្ធសភា និងក្នុងនាមសមាជិកសមាជិកាព្រឹទ្ធសភាទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានផ្ញើសាររំលែកមរណទុក្ខគ្រួសារសព ឧត្តមសេនីយ៍ទោ ស៊ឹម តៃ នាយការិយាល័យចារកិច្ច នៃក្រសួងការពារជាតិ ដែលបានទទួលមរណភាព ដោយរោគាពាធ នាវេលាម៉ោង០២៖៥០នាទីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៣ឆ្នាំ។

ក្នុងសាររំលែកទុក្ខនេះដែរ អនុប្រធានទី២ព្រឹទ្ធសភា លោក ទព ងន បានបង្ហាញក្តីសោកសង្រែងថា មរណភាពរបស់ឧត្តមសេនីយ៍ទោ ស៊ឹម តៃ គឺជាការបាត់បង់ឥស្សរជនស្នេហារជជាតិដ៏ឆ្នើមមួយរូប ដែលបានលះបង់ប្រាជ្ញា ស្មារតី កម្លាំងកាយចិត្ត បម្រើប្រទេសជាតិ សាសនា ព្រះមហាក្សត្រ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបេសកកម្មដ៏ថ្លៃថ្លា ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍន៍កម្ពុជា។

អនុប្រធានទី២ ព្រឹទ្ធសភា ក៏បានសូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខ ដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយ ឧត្តមសេនីយ៍ទោ ស៊ឹម តៃ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ឧត្តមសេនីយ៍ទោ ស៊ឹម តៃ ទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕