(ភ្នំពេញ)៖ កាលពីថ្ងៃទី៧ ខែកញ្ញា លោក សម រង្ស៊ី និងគូកនបានរៀបចំវេទិកាជួបជុំមួយនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដែលគេអាចកត់សំគាល់ឃើញបាននូវ បរិយាកាសនៃវេទិកានោះមានសភាពសោះកក្រោះដោយសារ តែមានមនុស្សចូលរួមតិចតួចបំផុត ទោះបីជា សម រង្ស៊ី ខំប្រឹងប្រមែប្រមូលតាំងពីអ្នកស្រុកបារាំង ស្រុកប៊ែលហ្សិក ស្រុកស្វីស និងប្រទេសមួយចំនួនទៀតក្បែរខាងបារាំងឲ្យមកចូលរួមក៏ដោយ។ នៅក្នុងវិដេអូដែលបានបង្ហោះ បើខ្ញុំមើលចំនួនអ្នក ចូលរួមប៉ុន្មានសិបនាក់នេះក៏អាចសន្និដ្ឋានបានថា នេះគឺជាវេទិកា ដើម្បីស្តាប់លោក សម រង្ស៊ី ច្រៀងចម្រៀងដដែលៗ ហើយហាក់បីដូចបង្កប់ន័យជាការលា សកម្មជនរបស់ខ្លួនជាចុងក្រោយហើយ ពីព្រោះលោក រង្ស៊ី ហាក់ ដូចជាបានវាយតំលៃ និងសន្និដ្ឋានច្បាស់លាស់ទុកជាមុនហើយថា អាជីពនយោបាយរបស់ខ្លួនគាត់ បានដើរមកដល់ទីបញ្ចប់ដោយគ្មានគ្រូបាអាចារ្យណាអាចជួយ ស្តារបានឡើយដូចខ្លឹមសារ ក្នុងបទចម្រៀងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា «ស្ពានក៏បាក់ទឹកក៏ជ្រៅ ធ្វើម្តេចបានទៅជួបគូរសង្សារ»។
ម៉្យាងទៀត បើយើងស្តាប់សម្តី លោក សម រង្ស៊ី និយាយក្នុងវេទិកានោះ យើងរឹតតែអាចសន្និដ្ឋានបានថា អ្នកនយោបាយទាល់ប្រាជ្ញ ទាល់ច្រកវ័យ៧០ឆ្នាំរូបនេះ ហាក់ដូចជាលែងអាចគ្រប់គ្រងខ្លួនឯងបានទៀតហើយ។ ស្តាប់លោករង្ស៊ីនិយាយចុះនិយាយឡើង នៅតែរឿងដដែលៗ៖ រឿងចិនដែលចូលមករកស៊ី និងមកធ្វើទេសចរនៅស្រុកខ្មែរត្រូវបានគាត់បកស្រាយព្រលាត់ ទៅជាថា មកយកដីខ្មែរ និងមកការពារអំណាចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅវិញនៅពេលដែលពលរដ្ឋ ខ្មែរជាច្រើនបានទទួលបានការងារធ្វើនិងផលប្រយោជន៍ពីការជួលផ្ទះ ជួលឡាន ជួលដី លក់ដី ។ល។ ឲ្យអ្នករកស៊ីមកពីចិនជាពិសេស ប្រជាជននៅខេត្រព្រះសីហនុ កំពត ភ្នំពេញ។ល។
រឿងដីធ្លីដែលគេដោះស្រាយឡើងស្ងាត់ស្ទើរតែអស់រលីងទៅហើយនោះ ត្រូវបានលោក សម រង្ស៊ី បំភ្លៃថា ជារឿងធំធេងណាស់។ ប៉ុន្តែអ្វីដែលជាការទប់សំណើច មិនបានគឺសូម្បីតែរឿងអ្នកផឹកស្រាស្រវឹងក៏ សម រង្ស៊ី បន្ទោសអាជ្ញាធររដ្ឋាភិបាលដែរ។ ហើយអ្វីដែលគួរឲ្យហួសចិត្តជាងនេះគឺ សម រង្ស៊ី បានលើកករណីគ្រោះថ្នាក់ ចរាចរណ៍មកចោទថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន មានចេតនាធ្វើឲ្យពលរដ្ឋរបស់ខ្លួនអាយុខ្លី? ចំពោះចំណុចនេះ ពិតជាមានមនុស្សជាច្រើនបានអស់ សំណើចពេលបានលឺ សម រង្ស៊ី លើកឡើងបែបនេះមកធ្វើជាអំណះអំណាងពន្យល់ប្រាប់អ្នកគាំទ្ររបស់ខ្លួនហើយបានលាន់មាត់ថា សម រង្ស៊ី អស់ក្បួនភូត ហើយទើបបានជាចុងក្រោយដល់ថ្នាក់លើកយកករណីគ្រោះថ្នាក់ចរាចរណ៍មកចោទនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា មានបំណងចង់ឲ្យពលរដ្ឋរបស់ខ្លួន អាយុខ្លី រីឯអ្នកខ្លះទៀតក៏បាននិយាយថា អ៊ីចឹងទេ តើបានជាធ្វើនយោបាយយូរៗ ទៅរហូតដល់រលាយរលត់គ្មានសល់អ្វី រកដីជ្រកក៏មិនបានយ៉ាងដូច្នេះ។
បើខ្ញុំមើលនៅជ្រុងមួយទៀត ខ្ញុំយល់ថា លោក សម រង្ស៊ី ហាក់កំពុងលេងល្បែងស្វាប៉ាហ៊ី ព្រោះគាត់បានខិតខំនិយាយបំប៉ោងហួសមាឌជ្រុលពេក។ គាត់និយាយថា គាត់មកស្រុកខ្មែរ ថ្ងៃទី៩ វិច្ឆិកា គឺដើម្បីមកដណ្តើមអំណាចពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានពលរដ្ឋខ្មែររាប់លាននាក់មកជាមួយគាត់។ ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា អ្នកអង្គុយស្តាប់គាត់មានតែមួយដំបរស្វាដែលខុសឆ្ងាយកាលពីមុនដូច មេឃនិងដី។ សម រង្ស៊ី បានភ្លេចគិតថា កាលពីមុន មិនមែនមានមនុស្សតិចតួចបែបនេះទេ ដែល មកទទួលនិងស្តាប់គាត់។ ប៉ុន្តែពេលនេះតើអ្នកទាំងនោះទៅណាបាត់អស់ហើយ?
លោក សម រង្ស៊ី ភ្លេចគិតថា កាលពីមុនគឺមាន សម រង្ស៊ី-កឹម សុខា ប៉ុន្តែពេលនេះភាគីខាង កឹម សុខា បានធ្វើពហិការមិនចូលរួមជាមួយលោក សម រង្ស៊ី ទៀតឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីអ្នកធ្លាប់គាំទ្រលោក សម រង្ស៊ី ពីមុនជាច្រើនក៏លែងរវីរវល់មកស្តាប់ និងមកដាក់ស្រោមសំបុត្រជូនគាត់ដូចមុនទៀតដែរ ពីព្រោះតែ ពួកគេអស់សង្ឃឹមនិងអស់ជំនឿ។
អ្វីដែលគួរឲ្យកត់សម្គាល់ដ៏សំខាន់មួយទៀតនោះគឺ ទោះបីជាភាគីអ្នកគាំទ្រលោក កឹម សុខា ធ្វើពហិការលែងចូលរួមនិងថែមទាំងបានជេរប្រទិចផ្តាសារចំអកឡយឡឺយ ដល់ទង្វើរបស់ សម រង្ស៊ី យ៉ាងណាក៏ដោយ និងចុងក្រោយនេះ លោក កឹម សុខា ថែមទាំងបានចេញសារតាម ហ្វេសប៊ុកចំអកត្រង់ៗឲ្យ សម រង្ស៊ី ថាមិនបានធ្វើជាគំរូដល់អ្នកគាំទ្រ ហើយបានព្រមានចំៗឲ្យ សម រង្ស៊ី ឲ្យឈប់យកសកម្មជនអ្នកគាំទ្រធ្វើជាឈ្នាន់ ឬជារបាំងការពារខ្លួនតទៅទៀតក៏ដោយ ក៏សម រង្ស៊ី នៅតែធ្វើមិនដឹងមិនលឺដដែល។ នៅក្នុងវេទិកា នោះ សម រង្ស៊ី នៅតែបន្តឆ្លៀតប្រើប្រាស់រូបថតចាប់ដៃជាមួយ កឹម សុខា មកព្យួរពីក្រោយវេទិការបស់ខ្លួន ដើម្បីលេងប៉ាហ៊ីបន្លំភ្នែកអ្នកគាំទ្រនៅក្រៅ ប្រទេសដោយឥតអៀនខ្មាសដដែល។
ប៉ុន្តែខ្ញុំយល់ថា ក្បួនភូតរបស់ សម រង្ស៊ី ហាក់អស់ប្រសិទ្ធភាពហើយព្រោះមនុស្សចូលរួមក៏បាត់មុខស្ទើរអស់ ហើយខ្លឹមសារឃោសនារបស់គាត់កាន់តែបាត់ឡូហ្ស៊ីក និងលាយលំដោយអារម្មណ៍និងកំហឹងគំនុំសងសឹកគ្រួសារផង។
ភស្តុតាងមួយទៀតដែលខ្ញុំហ៊ាន វាយតំលៃថា សម រង្ស៊ី លែងអាចគ្រប់គ្រងខ្លួនឯងបានទៀតហើយនោះ គឺនៅត្រង់ថា គាត់ស្រម៉ៃថា មានមនុស្ស១លាន ២លាន ឬ ៣លាននាក់នឹងមកទទួលគាត់ នៅថ្ងៃ៩ វិច្ឆិកា។ ប៉ុន្តែនៅក្នុងវេទិកាដដែលនោះ សម រង្ស៊ី ក៏បានអះអាងថា ក្នុងមួយភូមិមានអ្នកមកទទួលគាត់ពី ៩ទៅ ១០នាក់!
យើងដឹងថានៅទូទាំងប្រទេសកម្ពុជា មានជាង ១១០០០ ភូមិ ! ដូច្នេះ បើសរុបមនុស្សទាំងអស់ដែលមកទទួលសម រង្ស៊ី គឺ មានប្រមាណតែ ១១ ម៉ឺននាក់
ប៉ុណ្ណោះហើយនេះគ្រាន់តែជា តួលេខស្រមៃរបស់ សម រង្ស៊ី ផង។ ដូច្នេះ សំនួរសួរថា ចុះឯណាទៅមនុស្ស មួយលាន ពីរលាន ឬ បីលាននាក់ដែលលោក រង្ស៊ីអះអាងនោះបើខ្លួនគាត់ថាមួយភូមិមាន ៩ទៅ១០នាក់ប៉ុណ្ណោះ?
បទពិសោធន៍ជាក់ស្តែងកន្លងមកគឺជាមេរៀនដែលលោក រង្ស៊ី ប្រហែលជាភ្លេចនោះ គឺភាពស្ងាត់ជ្រងំនិងគ្មានបាតុកម្មដែលគ្មានអ្នកណា នឹកស្មានដល់ពេលអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន កឹម សុខា និងពេលតុលាការកំពូលចេញសាលដីការំលាយបក្សសង្គ្រោះជាតិ។ ហើយផ្ទុយទៅវីញ ពេលលោក រង្ស៊ីបើកយុទ្ធនាការ «ដេកផ្ទះឈ្នះឯង» បែរជាប្រជាជនមិនស្តាប់ហើយនាំគ្នាទៅបោះឆ្នោតភ្លូកទឹកភ្លូកដីទៅវិញ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំក៏បានកត់សំគាល់ឃើញលោក សម រង្ស៊ី ប្រឹងបង្ហោះរូបបាតុកម្មចាស់ៗកាលពីឆ្នាំ ២០១៣-២០១៤ ដែលថតទាំងអ្នកជាប់ស្ទះចរាចរណ៍តាមផ្លូវផង ហើយពេលខ្លះទៀត យករូបថត បាតុកម្មនៅហុងកុងមកបន្លំផង ដើម្បីបង្ហាញថា គាត់មានអ្នកគាំទ្រច្រើនរាប់លាន នាក់។ ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា កាលពីឆ្នាំ ២០១៣ និង ២០១៤ ពេលនោះគឺ «ឡាន១ ចង្កូត២» មានទាំងភាគី កឹម សុខា ចូលរួមផងនៅតែមិនអាចប្តូរ និងផ្តួលរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផង។ ចុះទម្រាំឥឡូវនេះ គ្មានភាគីលោក កឹម សុខា ចូលរួមហើយអ្នកគាំទ្រ សម រង្ស៊ី ខ្លួនឯងជាច្រើនក៏ នឿយណាយទៀត តើលោក រង្ស៊ី បានមនុស្សមកពីណារាប់លាននាក់ទៅទទួលគាត់។ ហើយសូមលោក សម រង្សី កុំភ្លេចថា ប្រជាពលរដ្ឋខ្មែរពេលនេះកំពុង សុខសប្បាយ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកនាពេលខាងមុខ។ ដូច្នេះតើអ្នកណាមកចូលរួមគាំទ្រអ្នកបង្កចលាចលសង្គមដូចសមរង្ស៊ីនោះ?
ដូច្នេះសរុបទៅសំលេងរបស់ លោក សម រង្ស៊ី នៅក្នុងវេទិកាកាលពីម្សិលមិញនេះ មើលទៅ មិនមានអ្វីខុសពីចង្កៀងដែលជិតអស់ប្រេងហើយដែលនឹងរលត់ បាត់សូន្យឈឹងនៅពេលបន្តិចទៀតនេះ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ