(កំពង់ធំ)៖ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតលោក សុខ លូ ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកស្រី រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក យុវជនកាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួន ជូនប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅវត្តអូរខ្យង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។
លោក សុខ លូ បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខុមាលភាព របស់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិកា ស្ត្រីម៉េមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាកា នយោបាយអ្វីឡើយ។ ជាក់ស្តែងគ្រួសារក្រីក្រ និងជនរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌របស់កាកបាទក្រហកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈផងដែរ។
លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ចៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដែលបានកើតមាននៅក្នុងខេត្ត ក៏ដូចជា នៅទូទាំងប្រទេស ម្យ៉ាងទៀតត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណា លើកស្ទួយកម្រិតជីវភាព រស់នៅឱ្យមានលក្ខណៈសមរម្យនិងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
ជាចុងក្រោយ លោកបានផ្ដាំផ្ញើ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយយថាហេតុ។
តាមការបញ្ជាក់របស់លោកស្រី ឌុក ស៊ីដា នាយកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្វះខាត ជនចាស់ជរា ជនពិកា និងក្មេងកំព្រាទាំងអស់ចំនួន ៧៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន និងភួយសារុងក្រមា និងធុងចំរោះទឹកមួយ៕