(ភ្នំពេញ)៖ ពីទីក្រុងប៉េកាំង ប្រទេសចិន, សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្ដម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវព្រះរាជសារ ជូនជនរួមជាតិជ្រាប អំពីប្រវត្តិព្រះវិហារព្រះអង្គចេក-ព្រះអង្គចម នៅក្នុងសម័យសង្គមរាស្រ្តនិយម។
ក្នុងទសវត្សរ៍៦០ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានកសាងព្រះវិហារតូចមួយនៅមុខ «ព្រះរាជតំណាក់ ព្រះរាជបូជនីយកិច្ចី» ក្រុងសៀមរាប ដោយមានការរៀបចំពិធីបុណ្យ យ៉ាងអធិកអធមដង្ហែរូបសំណាក ព្រះអង្គចេក-ព្រះអង្គចម មកគង់នៅក្នុងព្ររវិហារតូចនោះ។ តែជាអកុសល ព្រះវិហារតូចនេះ ត្រូវបានកម្ទេចចោលក្នុង របបខ្មែរក្រហម ហើយក៏បានបាត់រូបសំណាកព្រះអង្គចេក-ព្រះអង្គចម។
ក្នុងទសវត្សរ៍ ៨០ រដ្ឋកម្ពុជា បានរកឃើញរូបសំណាកព្រះអង្គចេក-ព្រះអង្គចម ហើយបានសាងសង់ព្រះវិហារ ធំនៅទីកន្លែងដដែល ដើម្បីតម្កល់រូបសំណាកព្រះអង្គចេក-ព្រះអង្គចម ជាទីសក្ការៈ គោរពបូជាដ៏ពូកែស័ក្តសិទ្ធិនៅលើ ទឹកដីប្រវត្តិសាស្ត្រក្នុងខេត្តសៀមរាប។
សម្រាប់ព្រះរាជសារ និងរូបភាពព្រះអង្គចេក-ព្រះអង្គចម ត្រូវបានព្រះមហាក្សត្រី ទ្រង់បានព្រះរាជទាន ឲ្យមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិ និងតាមកញ្ចក់ទូរទស្សន៍ផ្សេងៗទៀត នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះផងដែរ៕