(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ លោក ឃួង ស្រេង និងលោកស្រី រួមជាមួយក្រុមការងារ ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរដែនដី បានចំណាយពេលថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សំរាកពីការងារ អញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យការដ្ឋានស្ថាបនាផ្លូវនៅក្នុងសង្កាត់ពញាពន់ និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ព្រមទាំងបាននាំយកអំណោយជាថ្នាំពេទ្យ និងថវិកាមួយចំនួន ទៅជូនអ្នកជំងឺកំពុងសំរាកព្យាបាលនៅក្នុងមណ្ឌលសុខភាពពញាពន់ផងដែរ។
លោកចៅសង្កាត់ពញាពន់ បានឲ្យដឹងថា នៅពេលនេះអាជ្ញាធរកំពុងមមាញឹកស្ថាបនា និងជួសជុលផ្លូវដែលជាអាទិភាពចំនួន ១០ខ្សែ ស្ថិតក្នុងភូមិធំត្បូង, ភូមិធំជើង, ភូមិបឹង និងភូមិវែង សរុបមានប្រវែង៦.៤៨២ម៉ែត្រ ដែលបច្ចុប្បន្នទទួលរងការខូចខាតខ្លាំង ហើយក៏ជាផ្លូវដ៏មមាញឹកសំរាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃក្នុងមូលដ្ឋាន។
លោកប្រធានក្រុមការងារ តែងបានចុះជាប់ជាមួយមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋដើម្បីបានដឹងពីសុខទុក្ខ និងសំណូមពរចាំបាច់របស់បងប្អូនដើម្បីងាយស្រួលក្នុងការឆ្លើយតប។
តាមការពិនិត្យជាក់ស្តែងភូមិសាស្ត្រសង្កាត់ទាំង២ខាងលើ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការប្រែប្រួលរីកចំរើនខ្លាំងទាំងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់, សំណង់លំនៅដ្ឋាន, សំណង់សាធារ ណៈជាដើម រីកដុះដាលព្រោងព្រាតគ្មាននរណានឹកស្មានដល់។
លោក ឃួង ស្រេង បានលើកឡើងថា «ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ច មានផ្លូវល្អ គឺជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។ ដូច្នេះហើយបានជាក្រុមការងារតែងបានយក
ចិត្តទុកដាក់គិតគូខ្លាំង ទៅលើតំរូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងតែងបានទំនុកបំរុងទៅតាមសំណូមពរ និងលទ្ធភាពដែលមាន»។
លោកបានអះអាងថា ចំណុចអាទិភាព គឺការជួសជុលកែលំអរផ្លូវជាង៧គីឡូម៉ែត្រ ក្នុងសង្កាត់ពញាពន់ និងជាង ១០គីឡូម៉ែត្រ ក្នុងសង្កាត់ពន្សាំងឲ្យបានប្រសើរឡើង ព្រោះផ្លូវក្នុងតំបន់នេះ ក៏ជាការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅទស្សនារមណីយ៍ដ្ឋានវប្បធម៌ ភ្នំប្រសិទ្ធ និងភ្នំរាបផងដែរ។ ដូច្នេះលោកអភិបាលមានបំណងប្រែក្លាយភូមិសាស្ត្រ សង្កាត់ពញាពន់ និងសង្កាត់ពន្សាំង ឲ្យក្លាយជាសង្កាត់គំរូលើការអភិវឌ្ឍន៍ និងបរិស្ថានល្អក្នុងខណ្ឌព្រែកព្នៅផងដែរ។
ក្នុងឱកាសនោះ ពោលក្រោយពីបានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងស្តាប់ពីការរាយការណ៍ពីមេភូមិ និងចៅសង្កាត់ស្តីពី តម្រូវការរបស់ប្រជាជននៅក្នុងមូលដ្ឋាននោះ លោក ឃួង ស្រេង បានសម្រេចផ្ដល់ការស្ថាបនាផ្លូវចាក់ដីសប្រវែង ៩៧០០ម៉ែត្រ នៅក្នុងសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅផងដែរ៕