(កំពង់ចាម)៖ ខណៈដែលកម្ពស់ទឹកទន្លេមេគង្គឡើងលើសកម្រិតប្រកាសអាសន្ន នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារមន្ទីរ ស្ថាប័នអង្គភាព ចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នៅក្នុងស្រុកកោះសូទិន។
ចំពោះកិច្ចអន្តរាគមន៍ឲ្យទាន់ពេលវេលា លោកអភិបាលខេត្ត បានប្រកាសលេខទូរស័ព្ទ របស់អភិបាលក្រុង-ស្រុកទូទាំងខេត្ត ដល់ប្រជាពលរដ្ឋ ងាយស្រួលតេ នៅពេលរងគ្រោះដោយសារទឹកជំនន់។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងប្រាប់ប្រជាពលរដ្ឋថា «សូមបងប្អូន លោកយាយ លោកតា ប្រុងប្រយ័ត្នអំពីសុវត្ថិភាព សុខភាពក្នុងគ្រួសារ ជាពិសេសចំពោះកុមារតូចៗ កុំឱ្យមានគ្រោះថ្នាក់ដោយសារលង់ទឹក ឬសត្វអសិរពិសទិច ឬខាំ ហើយប្រសិនបើមានសត្វអាសេរិពិសទិច ឬខាំ សូមប្រញ៉ាប់នាំទៅប៉ុស្តិ៍សុខភាព ដែលនៅក្បែរតំបន់ទីទួលសុវត្ថិភាពនោះភ្លាម ដើម្បីក្រុមគ្រូពេទ្យបានសង្គ្រោះទាន់ពេលវេលា»។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានណែនាំឲ្យប្រធានមន្ទីរសុខាភិបាល លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ រៀបចំប៉ុស្តិ៍សុខភាព ត្រៀមលក្ខណៈជួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ ដែលមានជំងឺ ឬសត្វទិចឬខាំ ក្នុងខណៈពេលគ្រោះធម្មជាតិក្នុងរដូវទឹកជំនន់នេះផងដែរ។
ជាងនេះទៅទៀត រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ការត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗ នារដូវទឹកជំនន់ទន្លេមេគង្គខេត្តកំពង់ចាម និងដើម្បីធានាបាននូវការ ការពាសន្តិសុខ និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ និងតាមតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គផងដែរ។
ដើម្បីជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា សូមបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងមកលេខទូរស័ព្ទ លោកអភិបាល ក្រុង-ស្រុកមានដូចខាងក្រោម៖
*ទី១៖ លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម ទូរស័ព្ទលេខ 012 272 704.
*ទី២៖ លោក ប៊ិនឡាដា អភិបាលស្រុកកំពង់សៀម ទូរស័ព្ទលេខ 092 111 923
*ទី៣៖ លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ទូរស័ព្ទលេខ 012 667 251
*ទី៤៖ លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ ទូរស័ព្ទលេខ 092 892 888
*ទី៥៖ លោក ផែន សុផល អភិបាលស្រុកបាធាយ ទូរស័ព្ទលេខ 012 929 555
*ទី៦៖ លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន ទូរស័ព្ទលេខ 012 488 814
*ទី៧៖ លោក ទុន ណេត អភិបាលស្រុកស្ទឹង ត្រង់ ទូរស័ព្ទលេខ 012 412 477
*ទី៨៖ លោក មឿន ផា អភិបាលស្រុកកង មាស ទូរស័ព្ទលេខ 012 919 274
*ទី៩៖ លោក ស៊ឹម គង់ អភិបាលស្រុកស្រី សន្ធរ ទូរស័ព្ទលេខ 012 613 320៕