(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃទស្សនកិច្ចការងាររបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០១៩។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅមុនកិច្ចប្រជុំទ្វេភាគីជាមួយ លោក សាលើមសៃ គុំម៉ាស៊ីត លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសម ជាមួយលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ ដោយក្នុងឱកាសនោះ បានពាំនាំបណ្តាំសួរសុខទុក្ខពី សម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។
លោក ថងលូន ស៊ីស៊ូលីត បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ជំរុញការ ប្រាស្រ័យទាក់ទងល្អរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តីឡាវ បានបញ្ជាក់ថា លោកនឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក សាលើមសៃ គុំម៉ាស៊ីត បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ក្នុងបរិយាកាសស្និទ្ធស្នាលត្រង់ទៅត្រង់មកអំពីដំណោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ និងការលើកកម្ពស់កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្រី្តការបរទេសទាំងពីរ បានឯកភាពធ្វើការសម្របសម្រួលគ្នាយ៉ាងជិតស្និទ ដើម្បីធានាឲ្យទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្រី្តឡាវ នៅកម្ពុជានាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយជោគជ័យ ដែលនឹងរួមចំណែកពង្រឹង និងពងី្រកទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា បម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ៕