(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានផលិតនិងផ្សព្វផ្សាយស្ពតវិដេអូអប់រំបរិស្ថានមួយ ក្នុងគោលបំណងបង្កើនចំណេះដឹង ក៏ដូចជាចូលរួមកែប្រើឥរិយាបថ របស់ប្រជាពលរដ្ឋ ទាក់ទងនឹងការប្រើប្រាស់ថង់ប្លាស្ទិក និងដើម្បីបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិកសំដៅធានានូវកិច្ចគាំពារសុខភាពសាធារណៈបរិស្ថាន និងសោភ័ណភាព។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានជាង ១ម៉ឺនតោនក្នុងមួយថ្ងៃៗដែលពលរដ្ឋរស់នៅក្នុងរាជធានីនិងក្រុងធំៗត្រូវបានប៉ានប្រមាណថាបានបង្កើតសំរាម ១ គីឡូក្រាមក្នុងមួយថ្ងៃ និងបងប្អូនប្រជាពលរដ្ឋរស់នៅតាមជនបទបង្កើតសំរាមប្រមាណកន្លះគីឡូក្នុងមួយថ្ងៃ។
លោកបន្តថា សរុបក្នុងមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ ២០% ជាសំណល់ថង់ប្លាស្ទិក។ ខេត្តរាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន រាជធានីភ្នំពេញប្រមាណជាង ៣០០០ តោនក្នុងមួយ ថ្ងៃ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាមជិត ៤០០ តោនក្នុងមួយថ្ងៃ។
លោក នេត្រ ភក្ត្រា បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ចចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមតែអាចធ្វើទៅបានតាមរយៈការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់ឡើងវិញឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក។ ម្ចាស់អាជីវកម្មនិងម្ចាស់សេវាកម្មនានាដែលមានការផ្តល់ថង់ប្លាស្ទិកដល់អតិថិជន ហើយស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកត្រូវបានទទួលការលើកទឹកចិត្ត។ ជាមួយគ្នា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដោយបានកំណត់ពីវិធានការគិតតម្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជនផងដែរ។ ការដាក់កម្រិតលើការប្រើប្រាស់ ថង់ប្លាស្ទិកនេះមិនមែនមានតែនៅកម្ពុជាទេ មានប្រទេសជាច្រើនដែលបាននិងកំពុងអនុវត្តផងដែរ។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ក៏បានលើកឡើងទៀតថា អនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកបានផ្តោតលើចំណុចសំខាន់ចំនួន៤ រួមមាន៖
ទី១៖ ការកំណត់ប្រភេទទំហំកម្រាស់លើថង់ប្លាស្ទិកស្តើងមានដៃយួរត្រូវបានហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយ និង ការប្រើប្រាស់ (កម្រាស់០,០៣ មិល្លីម៉ែត្រ និងរង្វាស់ទទឹងបាត ២៥ សង្ទីម៉ែត្រ)។
ទី២៖ ការលើកទឹកចិត្ត៖ ការនាំចូលនិងផលិតប្លាស្ទិកឬសម្ភារវេចខ្ចប់ដែលផលិតពីវត្ថុធាតុងាយពុកផុយ ឬជីវប្លាស្ទិក ដែលត្រូវដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ។
ទី៣៖ ការនាំចូលឬផលិតថង់ប្លាស្ទិកនឹងជាប់អាករពិសេស។
ទី៤៖ ការអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៖ ការផ្តល់ថង់ប្លាស្ទិកនៅតាមទីផ្សារទំនើបនិងនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ត្រូវគិតតម្លៃបន្ថែម។
លោកបានបន្ថែមថា ថង់ប្លាស្ទិកត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថានគឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក មានន័យថាសំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយទេ៕