(ភ្នំពេញ)៖ មនុស្សយើងម្នាក់ៗមានការចងចាំខុសៗគ្នា អ្នកខ្លះមានការចងចាំបានល្អ ឯអ្នកខ្លះវិញមានការចងចាំមិនបានល្អ ទៅតាមស្ថានភាពជាក់ស្ដែងរបស់ខ្លួន និងការទទួលបានការសិក្សា នៅតាមសាលា ឬតាមសហគមន៍ផ្សេង។ ងាកមកយុវនិស្សិត ហុង ភារិន វិញ បន្ទាប់ពីរូបគេមានកេរ្តិ៍ឈ្មោះល្បីល្បាញទៅលើ ការចងចាំបានល្អហើយនោះ នៅពេលនេះលោកបានចែករំលែកនូវវិធីសាស្ត្រ នៃការចងចាំ និងជំនាញក្នុងការចងចាំដល់មហាជន តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News។
លោក ហុង ភារិន បានថ្លែងថា ពេលចាប់អារម្មណ៍នឹងជំនាញនៃការចង់ចាំ លោកព្យាយាមរកឯកសារផ្សេងៗទាំង សៀវភៅជាភាសាអង់គ្លេស ភាសាចិន និងឯកសារសម្ភាសន៍ ជាមួយអ្នកខ្លាំងៗ មួយចំនួនលើពិភពលោក មកស្វែងយល់ពីវិធីសាស្ត្ររបស់គេ និងយកមកអនុវត្តន៍ខ្លួនឯង។ ការអនុវត្តន៍ដោយគ្មានគ្រូ មិនមែនជារឿងងាយស្រួលនោះឡើយ តែពេលអនុវត្តន៍យូរៗទៅ ធ្វើឲ្យខួរក្បាលទទួលយក និងកាន់តែប្រសើរឡើង។
លោកបន្តថា ការប្រើប្រាស់រូបភាពមកតំណាងអ្វីដែលចង់ចងចាំ យករូបភាពនោះទៅដាក់នៅទីតាំងមួយ ដែលងាយចងចាំបំផុត ហើយប្រើប្រាស់រូបភាពទាំងនោះ ឲ្យមានចលនារស់រវើក បន្ទាប់មកចង់ឲ្យទៅជារឿងរ៉ាវមួយ (រឿងកូរ៉េ ឬអ្វីក៏បានស្រេចតែចិត្ត) ហើយមានពណ៌ចម្រុះ បែបនេះធ្វើឲ្យចាំបានលឿនហើយមិនភ្លេច។
យុវនិស្សិត ហុង ភារិន បានសង្ត់ធ្ងន់ថា វិធីសាស្ត្រចងចាំមួយទៀត គឺការផ្តោតអារម្មណ៍ ទោះក្នុងរយៈពេលខ្លី តែគួរប្រើភាពវៃឆ្លាតក្នុងការរៀនសូត្រ មិនមែនចំណាយពេលច្រើនម៉ោងរៀនសូត្រ តែអារម្មណ៍ផ្តោតលើអ្វីផ្សេង។
សូមបញ្ជាក់ថា និស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធិនាមជា «បុរសអច្ឆរិយៈរបស់កម្ពុជា» ។
គ្រាន់តែធ្វើដំណើរមកដល់ប្រទេសកម្ពុជាភ្លាម និស្សិត ហុង ភារិន បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសាច់ញាតិ និងត្រូវបានអញ្ជើញឲ្យឡើងផ្ដល់បទសម្ភាសន៍ ក្នុងកម្មវិធីទូរទស្សន៍នានាជាច្រើន។ ក្រៅពីនោះលោក ហុង ភារិន ក៏បានជួបជាមួយមន្រ្តីធំៗរបស់ រាជរដ្ឋាភិបាល រហូតដល់ទទួលបានការអនុញាត ឲ្យចូលជួបសំណេះសំណាល ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនទៅថ្ងៃអនាគត ជូនដល់សម្ដេចតេជោ ហើយសម្ដេចតេជោ ក៏បានណែនាំ និងបំពេញក្ដីបំណងរបស់រូបគេ និងបងប្រុស ឲ្យសមតាមអ្វីដែលខ្លួនចង់បានទៀតផង៕