(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៤២៣នាក់ បានបន្តចុះពិនិត្យព្យាបាលជំងឺ និងអំណោយថ្នាំពេទ្យរបស់លោក ហ៊ុន ម៉ានី ចែកជូនដល់ប្រជាពលរដ្ឋចំនួន៤,៧៨៩នាក់ (បួនពាន់ប្រាំពីររយប៉ែតសិបប្រាំបួននាក់) នៅវិទ្យាល័យមិត្តភាពខ្មែរជប៉ុន ភូមិលឹង្គ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ព្រមទាំងមានអាហារសាមគ្គីនំបញ្ចុក ចែកជូនអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះដឹកនាំលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្រោមអធិបតី លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានការចូលរួមសហការពីកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ តាមរយៈលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង តាមរយៈលោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង លោកវេជ្ជបណ្ឌិត តេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគឺលោកគ្រូ-អ្នកគ្រូពេទ្យ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ និង ស.ស.យ.ក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម ព្យាបាលរបួស វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម)...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនផងដែរថា ក្នុងរយៈពេលឈានចូលឆ្នាំទី៨ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩) គិតចាប់ពីថ្ងៃបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន១៩៧លើកហើយ ដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចូលរួមចំនួន៤,២៧៥ នាក់ (បួនពាន់ពីរយចិបសិបប្រាំនាក់) ហើយបានពិនិត្យ និងព្យាបាលព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបាន ចំនួន៤៦៩,៦០៩នាក់ (សែសិបប្រាំមួយម៉ឺនប្រាំបួនពាន់ប្រាំមួយរយប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន៣១៧,៧១៦នាក់ (សាមសិបមួយម៉ឺនប្រាំពីរពាន់ប្រាំពីររយដប់ប្រាំមួយនាក់) ក្នុង១៩រាជធានីខេត្ត។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានលទ្ធភាពចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋតាមតំបន់មូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះ គឺដោយសារតែមានការគិតគូរ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់លោក ហ៊ុន ម៉ានី ដោយលោកបានគាំទ្រណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពល ដើម្បីអោយសកម្មភាពមនុស្សធម៌នេះ កើតមានក្នុងន័យចង់ឃើញជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេលា និងស្មារតីរបស់វិរថ្នាក់ដឹកនាំរបស់យើង ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបិតាសន្តិភាពនៃកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិចេញពីផេះផង់ នៃរបបមហន្ធការឲ្យមានការរីកចំរើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួម ជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ។
ដូចសព្វដងដែរ ប្រជាពលរដ្ឋសប្បាយរីករាយស្វាគមន៍ និងត្រេកអរឥតឧបមាចំពោះការចុះពិនិត្យព្យាបាលនេះ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងសូមគោរពជូនពរបងប្រធាន និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់សូមជួបនូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ និងប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តន៍៕