(ភ្នំពេញ)៖ បន្ទាប់ពីលេចឮព័ត៌មានតាមបណ្ដាញសង្គមមួយចំនួនថា បុរសជាប់ងារជាមនុស្សអច្ឆរិយៈកម្ពុជា លោក ហុង ភារិន មានគេទាក់ទងឲ្យចូលសញ្ជាតិថៃ ធ្វើឲ្យល្បីសុះសាយពេញប្រទេសកម្ពុជារួចមក នៅពេលនេះលោក ហុង ភារិន បានធ្វើការបដិសេធចោល និងបានបញ្ជាក់តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ថា លោកមិនបានចូលសញ្ជាតិថៃ ឬមាននរណាម្នាក់ទាក់ទងលោក ដើម្បីចូលសញ្ជាតិរបស់ប្រទេសថៃនោះឡើយ។
តាមរយៈកិច្ចសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News និង Khmertalking លោក ហុង ភារិន បានថ្លែងច្បាស់ៗថា រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ ឬបុគ្គលណាមួយ ទាក់ទងរូបលោកឲ្យចូលសញ្ជាតិថៃ ដូចអ្វីដែលបានល្បីខ្ចរខ្ចាយ តាមបណ្ដាញសង្គមនោះទេ ហើយលោកក៏សូមច្រានចោលទាំងស្រុង ចំពោះព័ត៌មានចចាមអារ៉ាម ខាងលើនេះផងដែរ។
លោក ហុង ភារិន និយាយក្នុងកម្មវិធីថា «រហូតមកដល់ពេលនេះ មិនមានបុគ្គលណាម្នាក់ ទាក់ទងមកខ្ញុំ ឲ្យចូលសញ្ជាតិថៃនោះទេ តាមការពិត រឿងរ៉ាវដែលល្បីថាខ្ញុំចូលសញ្ជាតិថៃ ឬប្រទេសថៃផ្ដល់សញ្ជាតិឲ្យខ្ញុំនោះ វាគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ ពុំមែនជាការពិតឡើយ»។
សូមបញ្ជាក់ថា និស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «បុរសអច្ឆរិយៈរបស់កម្ពុជា» ។
គ្រាន់តែធ្វើដំណើរមកដល់ប្រទេសកម្ពុជាភ្លាម និស្សិត ហុង ភារិន បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសាច់ញាតិ ក៏ដូចជាមន្រ្តីធំៗរបស់ រាជរដ្ឋាភិបាល រហូតដល់ទទួលបានការអនុញាត ឲ្យចូលជួបសំណេះសំណាលជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនទៅថ្ងៃអនាគត ជូនដល់សម្ដេចតេជោ ហើយសម្ដេចតេជោ ក៏បានណែនាំ និងបំពេញក្ដីបំណងរបស់រូបគេ និងបងប្រុស ឲ្យសមតាមអ្វីដែលខ្លួនចង់បានទៀតផង៕