(ភ្នំពេញ)៖ គ្រឿងស្រវឹង ឬហៅថា សុរា គឺជាសារជាតិម្យ៉ាង ដែលធ្វើឲ្យអ្នកដែលបានផឹកវាចូលទៅ មានអារម្មណ៍សប្បាយរីករាយ រហូតមនុស្សមួយចំនួនពេលមានទុក្ខកង្វល់ផ្សេងៗ បានយកសុរាជាត្រីមុខ ដើម្បីធ្វើឲ្យអារម្មណ៍របស់ពួកគេមានភាពប្រសើរឡើងទៀតផង។ តែយ៉ាងណា ពួកគេមិនបានគិតពីផលប៉ះពាល់ នៃជាតិសុរាឡើយ។ ងាកមកនិស្សិត ហុង ភារិន ដែលកំពុងមានប្រជាប្រិយភាព ផ្នែកចងចាំ ត្រូវបានប្រជាជនថៃដាក់ងារជា «អច្ឆរិយកម្ពុជា» បានផ្តល់ចំណេះដឹង ទាក់ទងនឹងការទទួលទានជាតិសុរាថា ពិតជាមានផលប៉ះពាល់យ៉ាងខ្លាំង ដល់សរសៃខួរក្បាល និងធ្វើឲ្យប្រព័ន្ធចងចាំចុះខ្សោយទៀតផង។
ការថ្លែងបែបនេះ ក្នុងឱកាសដែល លោក ហុង ភារិន បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News។ បន្ថែមពីនេះ និស្សិតឆ្នើម ហុង ភារិន ដែលមានអាយុ២៣ឆ្នាំ ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស២នាក់ ជាអ្នកមកពីខេត្តកំពង់ចាមរូបនេះ ក៏បានចែករំលែកចំណេះដឹងផ្នែករបបអាហារ ដែលគួរ និងមិនគួរទទួលទានយ៉ាងដូច្នេះថា ចំពោះរូបលោកផ្ទាល់ ក្នុងនាមជានិស្សិតម្នាក់ និងជាអ្នកហ្វឹកហាត់ខួរក្បាលមួយរូប គឺមិនបរិភោគឡើយ នូវភេសជ្ជៈនានា ដែលនាំឲ្យប៉ះពាល់ដល់សុខភាព។ ក្នុងនោះ ម្ទេសដែលមានរសជាតិហិល ដ៏មិនមែនជាគ្រឿង ដែលគួរទទួលទានដែរ វាមិនត្រឹមតែប៉ះពាល់ក្រពះនោះទេ វាក៏ជាផ្នែកមួយប៉ះពាល់ខួរក្បាលទៀតផង។
លោក ហុង ភារិន បានសង្កត់ធ្ងន់ថា មានមនុស្សជាច្រើន បានជ្រើសរើសយកការផឹកស្រា ឬជក់បារី ជាត្រីមុខ ពេលមានទុក្ខកង្វល់ ព្រោះបុគ្គលនោះមិនអាចគ្រប់គ្រងខ្លួនឯងបាន ។ ចំពោះលោកដែលជាអ្នកហ្វឹកហាត់ខួរក្បាល មិនទទួនទានទេ ចំពោះគ្រឿងស្រវឹក ឬហៅថា សុរា ព្រោះវាមានផលប៉ះពាល់ខ្លាំងដល់សរសៃខួរក្បាល និងធ្វើឲ្យប្រព័ន្ធចងចាំខ្សោយ ផ្ទុយទៅវិញពេលអារម្មណ៍ស្ត្រេស គឺបង្វែរទៅលំហែរកាយ ឬលេងតន្រ្តីជាដើម។ បន្ថែមពីនេះ លោកផ្តល់ចំណេះដឹងថា គួរតែគេងឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយថ្ងៃ និងបរិភោគទឹកឲ្យបានគ្រប់គ្រាន់ ធ្វើឲ្យខួរក្បាលមានអុកស៊ីហ្សែន ទើបការចងចាំបានល្អ។
ទាំងនេះ គឺជាចំណេះដឹងដ៏ល្អមួយ ចំពោះមហាជនដែលនិស្សិតហុង ភារិន បានបង្ហាញ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។ មិនខុសពីការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យនាពេលកន្លងទៅ ក៏លើកឡើងដែរថា សុរា ផ្តល់នូវហនិភ័យច្រើនចំពោះរាងកាយ ជាពិសេសធ្វើឲ្យមានជំងឺសរសៃឈាមបេះដូង ជំងឺសរសៃឈាមខួរក្បាល និងបង្កគ្រោះថ្នាក់ចរាចរណ៍។ល។ ជាមួយគ្នានេះ ចំពោះប្អូនៗនិស្សិត ដែលកំពុងបន្តសិក្សា និងចង់ឲ្យខ្លួនឯងមានការចងចាំកាន់តែខ្លាំង គួរចៀសវាសការទទួលទានសុរា។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ និស្សិត ហុង ភារិន បានបង្ហាញសមត្ថភាព និងទេពកោសល្យ នៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជា «អច្ឆរិយកម្ពុជា» ថែមទៀតផង។ និស្សិតឆ្នើម ហុង ភារិន មានអាយុ២៣ឆ្នាំ ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស២នាក់ មានទីកន្លែងកំណើត នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម៕