(ព្រះវិហារ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឲ្យមន្ត្រីសុខាភិបាលខេត្តព្រះវិហារ ត្រូវត្រៀមលក្ខណៈជានិច្ច ទាំងសម្ភារ និងបរិក្ខាផ្សេងៗ ពិសេសប្រភេទឱសថប្រឆាំងពិសពស់ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ឲ្យទាន់ពេលវេលា។

នៅក្នុងឱកាសអញ្ជើញ ចុះពិនិត្យមើលសកម្មភាពផ្តល់សេវាសុខភាព និងសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ និងមណ្ឌលសុខភាពឆែប នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី ឱ វ៉ាន់ឌីន បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋឲ្យបានល្អ ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

លោកស្រី ឱ វ៉ាន់ឌីន បន្ដទៀតថា ដោយឡែកមន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមលក្ខណៈដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលអាចរងគ្រោះដោយទឹកជំនន់។

ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានណែនាំឲ្យមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ត្រូវត្រៀមមន្ត្រីប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីឆ្លើយតបបញ្ហា ដែលអាចកើតមានឡើង ចំពោះប្រជាពលរដ្ឋ ដោយសារទឹកជំនន់ ពិសេសចំពោះបញ្ហាសុខភាព និងត្រូវត្រៀមឱសថនិងសម្ភារបរិក្ខា ហើយឱសថនោះ គឺជាប្រភេទឱសថប្រឆាំង និងពិសពស់ផងដែរ។

លោកស្រី ឱ វណ្ណឌីន ក៏បានណែនាំឲ្យមណ្ឌលសុខភាពនានា ដែលមានទីតាំងនៅតាមបណ្តោយដងស្ទឹងសែន និងជិតអូរព្រែក ឲ្យមានការប្រុងប្រយ័ត្ន ខ្លាចប៉ះពាល់ដោយទឹកជំនន់ជាយថាហេតុ។ ទាក់ទងនិងសម្ភារបរិក្ខា ក៏ដូចជាឱសថ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ ជៀសវាងខ្លាចទឹកលិច បណ្តាលឲ្យខូចខាត។

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានល្អនិងបានផ្តល់ថវិកា ដល់អ្នកជំងឺជាការលើកទឹកចិត្តផងដែរ៕