(ស្ទឹងត្រែង)៖ នៅថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីនៅទីស្នាក់ការកណ្តាល និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៥០៣គ្រួសារ ដែលរស់នៅក្នុងសង្កាត់សាមគ្គី និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ពិធីនេះរៀបចំឡើងនៅទីទួលសុវត្តិភាពចំនួនពីរកន្លែងគឺទីទួលសុវត្តិភាពទី១ ស្ថិតនៅក្នុងវរៈការពារព្រំដែនអូរស្វាយ ភូមិ អូរស្វាយ ឃុំវ៉ើនខាម ស្រុកបុរីអូរស្វាយសែនជ័យ សម្រាប់ប្រជាពលរដ្ឋ ១៩៤គ្រួសារ និងទីទួលសុវត្តិភាពទី២ ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង សម្រាប់ប្រជាពលរដ្ឋចំនួន៣០៩គ្រួសារ។
ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះទាំងអស់ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងវដូវវស្សានេះ។
ជាមួយគ្នានេះ លោកវេជ្ជ. បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពជាចម្បង ដែលក្នុងនោះ ការទទួលទានអាហាររូបត្ថម្ភគឺជារឿងចាំបាច់ដោយត្រូវបរិភោគឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ចកុំឱ្យមូសខាំ ជៀសវាងកើតមានជំងឺគ្រុនឈាម-គ្រុនចាញ់ ជាពិសេសសូមប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗនារដូវទឹកឡើងនិងក្រោយពេលទឹកស្រកទៅវិញ ព្រមទាំងត្រូវមើលថែក្មេងតូចៗប្រយ័ត្នលង់ទឹកដែលអាចឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង និងឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងថវិកាជូនចាស់ៗដែលជួបការលំបាកមួយចំនួនផងដែរ៕