(កំពត)៖ ក្រុមហ៊ុន ហ្រ្គេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក បានបោះទុនវិនិយោគ ចំនួនជាង១លានដុល្លារ បើកកសិដ្ឋានចិញ្ចឹមបង្គា ដែលចិញ្ចឹមក្នុងអាងផ្លាស្ទិច មានទីតាំងនៅភូមិព្រែក អំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
ជាក់ស្ដែង នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ីល សុផល អភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា របស់ក្រុមហ៊ុន ហ្រ្គេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក ខាងលើនេះ។
បើតាមលោក សុប សារាប៊ុទ្ទី ប្រធានបច្ចេកទេស របស់ក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្នក្នុងកសិដ្ឋាន បានយកបច្ចេកវិទ្យាពីប្រទេសចិន ក្នុងការសាងសង់ ការចិញ្ចឹម ផ្តល់ចំណី ការគ្រប់គ្រង ប្រើប្រាស់ទឹក និងសម្អាតទឹក (water treatment)។ មានអាងចិញ្ចឹម៣៤អាង ចិញ្ចឹមក្នុងរយៈ៣ខែ ទើបគ្រប់ទម្ងង់តាមស្តងដារទីផ្សារពី៣០ទៅ៣៥ក្បាល ក្នុង១គីឡូក្រាម ហើយទទួលបានតម្លៃពី៤ម៉ឺនទៅ៥ម៉ឺនរៀល ក្នុង១គីឡូក្រាម។
លោកថា គិតមកត្រឹមបច្ចុប្បន្ន ក្រុមហ៊ុន បានបោះទុនវិនិយោគចំនួនជាង១លានដុល្លារ ដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ សម្រាប់អភិវឌ្ឍកសិដ្ឋាន។
លោក សុប សារាប៊ុទ្ទី បានបញ្ជាក់ថា អាជីវកម្មនេះ កំពុងស្ថិតក្នុងដំណាក់កាល សាកពិសោធន៍ពូជ ទឹក ចំណី និងលក្ខខណ្ឌចិញ្ចឹម -ល- នាពេលខាងមុខនេះ ក្រុមហ៊ុន មានផែនការពង្រីកការចិញ្ចឹម ក្នុងដំណាក់កាលបន្តបន្ទាប់ ចំនួន៣២រោង លើផ្ទៃដី៣២ហិកតា ស្ថិតនៅទល់មុខកសិដ្ឋាន នាពេលបច្ចុប្វន្ននេះ។
ពិនិត្យឃើញទិដ្ឋភាពជាក់ស្តែង នូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ផលិតកម្មចិញ្ចឹមប្រកបដោយបច្ចេកវិទ្យាខ្ពស់ កំពុងដំណើរការទៅដោយរលូនយ៉ាងដូច្នេះ លោករដ្ឋមន្រ្តី និងលោកអភិបាលរងខេត្ត អត់សរសើរមិនបាន បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះការ ចូលរួមវិនិយោគលើវិស័យវារីវប្បកម្ម ដែលរដ្ឋបានជលផលកំពុងជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមជាចលករក្នុងការជំរុញកំណើរភោគផល ចាប់ពីវារីវប្បកម្មដោយធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូល។
ជាងនេះទៅទៀត លោកបានបញ្ជាក់ថា ការចូលរួមពីវិស័យឯកជន ក្នុងការវិនិយោគនេះ ពិតជាបានចូលរួមចំណែកបង្កើតការងារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម»៕