(ភ្នំពេញ)៖ សញ្ជាតិ សំដៅដល់ចំណងគតិយុត្ត និងនយោបាយដែលភ្ជាប់នូវរូបវន្តបុគ្គលទៅនឹងប្រទេសណាមួយ។ ការផ្តល់សញ្ជាតិឲ្យរូបវន្តបុគ្គលណាម្នាក់ នៅបណ្តាប្រទេសមួយចំនួន មានលក្ខខណ្ឌផ្សេងៗគ្នាទៅតាមច្បាប់នៃប្រទេសដែលផ្តល់សញ្ជាតិនោះ ។
សម្រាប់ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ២០១៨ នៃព្រះរាជាណាចក្រកម្ពុជា ការផ្តល់សញ្ជាតិជូនជនបរទេស បានកំណត់នូវលក្ខខណ្ឌនៃការទទួលបានសញ្ជាតិខ្មែរមាន ០៤ (បួន) ករណីគឺ (១) ការទទួលបានសញ្ជាតិខ្មែរពីកំណើត (២) ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ (៣) ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និង (៤) ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ។
ដើម្បីជ្រាបច្បាស់អំពីការទទួលបានសញ្ជាតិខ្មែររបស់ជនបរទេស ដូច្នេះសម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការទទួលបានសញ្ជាតិខ្មែររបស់ជនបរទេស» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖
១៖ ការទទួលបានសញ្ជាតិខ្មែរពីកំណើត (មាត្រា៩)
ចំពោះកូនដែលកើតពីឪពុក ឬម្ដាយដែលមានសញ្ជាតិខ្មែរ ទោះកើតនៅទីណាក៏ដោយ កូននោះនឹងមានសិទ្ធិទទួលបានសញ្ជាតិខ្មែរពីកំណើតដោយស្វ័យប្រវត្តិ។ កូនកើតនៅទីណាក៏ដោយដែលឪពុកម្ដាយមិនទទួលស្គាល់ ប៉ុន្តែកាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីឪពុក ឬម្ដាយដែលមានសញ្ជាតិខ្មែរ នោះកូននោះនឹងទទួលបានសញ្ជាតិខ្មែរ។
កូនជនបរទេសដែលកើតក្នុងទឹកដីកម្ពុជាត្រូវទទួលបានសញ្ជាតិខ្មែរលុះត្រាតែកើតពីឪពុក និងម្ដាយជាជនបរទេស ដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ កូនដែលកើតពីឪពុកម្ដាយមិនស្គាល់ និងកូនទើបនឹងកើត ដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវចាត់ទុកថាកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែរ ត្រូវទទួលបានសញ្ជាតិខ្មែរ ។
២៖ ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ (មាត្រា១០)
កូនជនបរទេសដែលត្រូវបានសុំជាកូនស្មុំពេញលេញ ដោយសហព័ទ្ធជាពលរដ្ឋខ្មែរត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញលេញត្រូវបាន បង្កើតឡើងស្របច្បាប់ជាធរមាន។ ពាក្យថាសហព័ទ្ធ គឺប្តី ឬប្រពន្ធ ឬទាំងប្តីទាំងប្រពន្ធ ដែលបានឋានៈជាសហព័ទ្ធក្រោយពីចុះបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់។
៣៖ ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ (មាត្រា១១)
ស្រី្ត ឬបុរសដែលយកប្ដី ឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន លុះណាតែស្ត្រី ឬបុរសនោះបានរស់នៅជាមួយគ្នារយៈពេល ០៣ (បី) ឆ្នាំ ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍ និងបានស្នាក់នៅយ៉ាងហោចរយៈពេល ១២ (ដប់ពីរ) ខែ ពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា ។
កូនជាអនីតិជន ដែលមានជនបរទេសជាឪពុក ឬម្ដាយ ត្រូវបានអនុញ្ញាតឲ្យសុំទាមទារសញ្ជាតិខ្មែរជាចង្កោម គ្រួសារបាន។
ដោយឡែកត្រង់មាត្រា១២ នៃច្បាប់ស្តីពីសញ្ជាតិក៏បានប្បញ្ញត្តិថា ជនបទេសដែលអាចសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖
* មានគំនិត មាយាទ និងសីលធម៌ល្អ ។
* ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ ។
* មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍។
* ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្រ្តខ្មែរខ្លះៗ។
* មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ ។
ចំពោះការសុំទាមទារសញ្ជាតិខ្មែរ របស់ជនបរទេសអាចស្នើសុំប្តូរឈ្មោះជាខែ្មរបាន ហើយត្រូវសរសេរបញ្ជាក់ឈ្មោះថ្មីក្នុងពាក្យសុំទាមទារសញ្ជាតិ ។
៤៖ ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម(មាត្រា១៨)
សញ្ជាតូបនីយកម្ម សំដៅដល់ការផ្តល់សញ្ជាតិខ្មែរតាមរយៈការស្នើសុំរបស់ជនបរទេសដោយផ្អែកតាមលក្ខខណ្ឌនៃការស្នាក់នៅ ការវិនិយោគ អំណោយសាច់ប្រាក់ និងគុណសម្បត្តិពិសេស ឬថ្វីដៃពិសេស ។
សញ្ជាតូបនីយកម្មនេះមិនមែនជាសិទ្ធិរបស់អ្នកសុំឡើយ គឺជាការអនុគ្រោះរបស់ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ ទោះក្នុងប្រការណាក៏ដោយ ពាក្យសុំអាចត្រូវបានបដិសេធតាមអំណាចឆន្ទានុសិទ្ធិ ។
៤.១៖ ជនបរទេសទូទៅត្រូវបំពេញលក្ខខណ្ឌដូចជា
* មានគំនិត មាយាទ និងសីលធម៌ល្អ ។
* ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ ។
* មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់រយៈពេល ០៧ (ប្រាំពីរ) ឆ្នាំ ដោយគិតចាប់ពីថ្ងៃទទួលបានប័ណ្ណស្នាក់នៅ ដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីអន្តោប្រវេសន៍ចំពោះជនអន្តោប្រវេសន៍ ។
* មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានប័ណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេសដែលបានកំណត់ក្នុងមាត្រា២១ និងមាត្រា២២នៃច្បាប់នេះ។
* ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្រ្តខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថាខ្លួនអាច រស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និងប្រពៃណី ល្អរបស់ខ្មែរ។
* មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ ។
៤.២៖ ជនបរទេសជាអ្នកវិនិយោគ(មាត្រា២១) ជនបរទេសណាដែលទទួលបាន ការអនុញ្ញាតឲ្យវិនិយោគត្រឹមត្រូវតាមច្បាប់ពីស្ថាប័នមានសមត្ថកិច្ច ហើយបានចំណាយទុនអនុវត្តគម្រោងវិនិយោគជាក់ស្ដែង ក្នុងប្រទេសកម្ពុជា ជនបរទេសនោះអាចស្នើសុំសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបាន ក្នុងករណីដែលជននោះបានបំពេញលក្ខខណ្ឌ លក្ខខណ្ឌដូចមានចែងក្នុងចំណុចទី ទី២ ទី៤ ទី៥ និងទី៦ នៃលក្ខខណ្ឌខាងលើ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ១២ (ដប់ពីរ) ខែ ពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនទឹកប្រាក់ វិស័យអាទិភាព និងប្រភេទគម្រោង វិនិយោគព្រមទាំងលក្ខខណ្ឌផ្សេងទៀត ត្រូវកំណត់ដោយអនុក្រឹត្យ ។
៤.៣៖ ជនបរទេសដែលធ្វើអំណោយជាសាច់ប្រាក់ (មាត្រា២២) ចំពោះជនបរទេសណាដែលបានផ្ដល់អំណោយជាសាច់ប្រាក់ដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ជនបរទេសនោះនឹងអាចសុំចូលសញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះបានបំពេញលក្ខខណ្ឌ លក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៦ នៃលក្ខខណ្ឌខាងលើ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ៦ (ប្រាំមួយ) ខែ ពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែលចំនួនទឹកប្រាក់ដែលត្រូវបរិច្ចាគ គឺត្រូវកំណត់ដោយអនុក្រឹត្យ។
៤.៤៖ ជនបរទេសដែលបានផ្តល់គុណសម្បតិ្តពិសេស(មាត្រា២៣) ជនបរទេសដែលបានបង្ហាញភស្តុតាងថា ខ្លួនបានផ្តល់គុណសម្បត្តិ ឬថ្វីដៃអ្វីមួយអ្វីមួយ ជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា និងបានទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា ជនបរទេសនោះអាចស្នើសុំសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបាន ក្នុងករណីដែលជននោះ បានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ និងទី៦ នៃលក្ខខណ្ឌខាងលើ។
សរុបមកជនបរទេសដែលស្នើសុំសញ្ជាតិខ្មែរ ត្រូវគោរពតាមបែបបទ និងនីតិវិធីនៃច្បាប់ស្តីពី សញ្ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ហើយការផ្ដល់សញ្ជាតិខ្មែរដល់ជនបរទេសគឺ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ ហើយត្រូវចូលទៅធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។
ជនដែលទទួលបានសញ្ជាតិខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក ហើយជនណាដែលមានសញ្ជាតិខ្មែរ អាយុ យ៉ាងតិច ១៨ (ដប់ប្រាំបី) ឆ្នាំ អាចសុំលះបង់សញ្ជាតិខ្មែរបាន បើជននោះមានសញ្ជាតិមួយផ្សេងទៀត គ្មានការបង្ខិតបង្ខំ ។
រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៩៣ ៤៦ ៨៨ ៨៩, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕