(ឧត្តរមានជ័យ)៖ សៀលថ្ងៃទី0៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ បានចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកស្ទឹងស្រែងទី១ និងទី២ ស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ជូនថា នៅដើមសប្តាហ៍នេះ តំបន់ជួរភ្នំដងរែក មានភ្លៀងធ្លាក់យ៉ាងជោកជាំ បង្កឲ្យមានជំនន់ទឹកភ្លៀង លិចលង់ភូមិឋាន និងហេដ្ឋារចនាសម្ព័ន្ធសង្គមមួយចំនួននៅក្នុងខេត្ត ទន្ទឹមនឹងនេះ បណ្ដាអាងទឹកធំៗមួយចំនួន ក៏មានទឹកជន់ឡើងដល់កម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នផងដែរ។ ចំពោះមុខសភាពការណ៍នេះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកអភិបាលខេត្ត បានចាត់ចែងអោយមានកម្លាំងសហការគ្នា ប្រចាំការនៅតាមគោលដៅសំខាន់ៗដើម្បីត្រៀមអន្តរាគមន៍ ។
មកដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នេះស្ថានភាពទឹកជំនន់នៅ ខេត្តឧត្តរមានជ័យ បានធូរស្រាលមួយកម្រិតធំហើយ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោករដ្ឋលេខាធិការ ក៏ដូចជាលោកអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ទីរជំនាញត្រូវបន្តយកចិត្តទុកដាក់តាមដាន និងគ្រប់គ្រងស្ថានភាពនេះឲ្យជាប់ជាប្រចាំរហូតដល់មានសុវត្ថភាពទាំងស្រុង។ ទន្ទឹមនេះ ក៏ត្រូវបន្តបញ្ជូនទឹកដែលលើសពីតម្រូវការក្នុងការស្តុកទុកក្នុងអាងទៅកាន់ខេត្តសៀមរាប និងអាងត្រពាំងថ្ម របស់ខេត្តបន្ទាយមានជ័យ ដើម្បីស្តុកទុកសម្រាប់ប្រើប្រាស់នាពេលខាងមុខផងដែរ៕