(ភ្នំពេញ)៖ សន្និសីទប្រចាំឆ្នាំលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា បានប្រមូលផ្តុំរួមគ្នានូវអ្នកបង្កើត គោលនយោបាយ ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតស៊ូទាក់ទាញមតិគាំទ្រ លើការងារសុវត្ថិភាពចរាចរណ៍ ដើម្បីគាំទ្រដល់សកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការសហប្រជាជាតិ (ឆ្នាំ២០១១-២០២០) និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs)។
អ្នកចូលរួមប្រមាណជាង ៣៥០នាក់ បានជួបប្រជុំគ្នានៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញនាថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រជាក់ស្តែង និងការផ្លាស់ប្តូរ ព័ត៌មាន ក៏ដូចជាចូលរួមក្នុងការត្រួតឡើងវិញនូវផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងទសវត្សរ៍បច្ចុប្បន្ន និងការចែករំលែកនូវអនុសាសន៍របស់ពួកគេសម្រាប់ការបង្ការគ្រោះថ្នាក់ចរាចរណ៍នាពេលអនាគត។
សន្និសីទនេះត្រូវបានរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី និងអង្គការសម្ព័ន្ធភាពដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក (CRY) ដោយមានការសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC)។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានលើកឡើងថា ដោយសារស្ថានភាពសុវត្ថិភាពចរាចរណ៍ ផ្លូវគោកនៅកម្ពុជា ឈានដល់ចំណុចមួយដែលមានមនុស្សយ៉ាងតិចណាស់៥នាក់ បានស្លាប់បាត់បង់ជីវិត និង១៣នាក់ផ្សេងទៀតទទួលរង របួសធ្ងន់ធ្ងរជាមធ្យមដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ យើងពិតជាមានតម្រូវការនូវវិធានការឆ្លើយតបដែលមានប្រសិទ្ធភាពខ្ពស់ជាចាំបាច់។ អនុសាសន៍ដែលបានលើកឡើងនៅក្នុងសន្និសិទនេះ នឹងជួយបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការបង្ការ គ្រោះថ្នាក់ចរាចរណ៍ ដ៏មានប្រសិទ្ធភាពនាពេលអនាគត។
ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Angela Corcoran ថ្លែងថា រដ្ឋាភិបាលអូស្រ្តាលីមានមោទនភាពជួយគាំទ្រឧបត្ថម្ភ ទៅដល់គម្រោងដ៏សំខាន់នេះដើម្បីជួយ លុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តាចំបងបង្កឲ្យ មានការស្លាប់ ពិការភាព និងការរងរបួសធ្ងន់ធ្ងរ នៅកម្ពុជា។ ឯកអគ្គរាជទូតអូស្រ្តាលី បន្ថែមថា រៀងរាល់ថ្ងៃពលរដ្ឋកម្ពុជា ចំនួន៥នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលគ្រោះថ្នាក់នោះ អាចទប់ស្កាត់បាន។
ឯកអគ្គរាជទូតអូស្ត្រាលី បានលើកឡើងថា រដ្ឋាភិបាលអូស្រ្តាលីគឺជាអ្នកគាំទ្រ ឧបត្ថម្ភគោលសម្រាប់កម្មវិធី យុវជនគំរូដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០១៦-២០១៧ របស់ AIP Foundation ដែលបានផ្តល់ជូនមួកសុវត្ថិភាពចំនួន ៧០០មួក និងការពង្រឹងចំណេះដឹងអំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើផ្លូគោកទៅដល់ប្រជាពលរដ្ឋចំនួនជាង ១៤,៥០០នាក់។ ឯកអគ្គរាជទូត បន្តទៀតថា រដ្ឋាភិបាលអូស្ត្រាលីក៏បានចូលរួមផ្តល់ជំនួយទៅដល់សកម្មភាពពិគ្រោះផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកិច្ចពិភាក្សាជាមួយសហគមន៍នៅតាមផ្លូវជនបទប្រវែង ១,២០០គីឡូម៉ែត្រ ដែលកំពុងតែត្រូវបានសាងសង់ក្រោម គម្រោងកែលម្អផ្លូវជនបទជំហានទី២ ដឹកនាំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងអភិវឌ្ឍន៍ជនបទ។
នៅក្នុងសន្និសីទឆ្នាំនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកសូមគាំទ្រ និងទទួលយកនូវលទ្ធផលនៃការពិភាក្សា និងទិសដៅដែលកើតចេញពីការពិភាក្សារយៈពេល២ថ្ងៃកន្លងទៅនេះ និងត្រៀមបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនដើម្បីយកបទពិសោធន៍មកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ទន្ទឹមនឹងការកោតសរសើរ និងថ្លែងអំណរគុណដល់បណ្តាក្រុមហុនដែលចូលរួមគាំទ្រដល់សន្និសីទប្រចាំឆ្នាំលើកទី២ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានធ្វើការអំពាវនាវឲ្យដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការដៃគូពាក់ព័ន្ធបន្តឧបត្ថម្ភគាំទ្របន្ថែមទៀត ដើម្បីគណៈកម្មាធិការជាតិមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តសកម្មភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕