(ភ្នំពេញ)៖ ថ្ងៃទី១នៃពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤ នៅផ្សារទំនើបអ៊ីអន មល សែនសុខ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់គូស្វាម៉ី ភរិយាថ្មី ដែលគ្រោងនឹងរៀបការក្នុងរដូវកាលថ្មីនេះ ដោយពួកគេបានមកទស្សនា និងកក់នូវសេវាកម្មពិព័រណ៍អាពាហ៍ពិពាហ៍ ដែលមានប្រមាណជាង៨០ស្ដង់ ជាមួយនឹងការបញ្ចុះតម្លៃពិសេសៗ ចាប់ពី១០% ទៅ៥០%។
ការបញ្ចុះតម្លៃដ៏ពិសេសនេះ សម្រាប់គូស្នេហ៍ដែលមានគំរោងរៀបចំអាពាហ៍ពិពាហ៍ ក្នុងរដូវកាលថ្មីខាងមុខនេះ ដែលអាចនឹងចំណេញចាប់ពី១០% រហូតដល់៥០% លើការកក់សេវាកម្ម និងផលិតផលផ្គត់ផ្គង់ទុកជាមុន នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ ដែលមានការចូលរួមពីបណ្ដាអ្នកផ្គត់ផ្គង់មានដូចជា៖ ការថតរូប pre-wedding ថតរូបនិងវីដេអូអាពាហ៍ពិពាហ៍ សម្អាងការ តុបតែងផ្កា សណ្ឋាគារ ភេសជ្ជៈ អាហារសម្រន់ ច្នៃម៉ូដ រថយន្ដ គ្រឿងសង្ហារឹម ធនាគារ និងសេវាកម្មជាច្រើនទៀត។
លោក ហាក់ ស៊ីណារ័ត្ន និងអនាគតភរិយា ដែលគ្រោងនឹងរៀបការនៅក្នុងរដូវកាលថ្មីនេះ ដែលបានមកទស្សនា ដើម្បីស្វែងរកកក់នូវសេវាកម្មពិព័រណ៍អាពាហ៍ពិពាហ៍ ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍នេះ បានលើកឡើងថា លោកពិតជារីករាយក្នុងការមកចូលរួមក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤នេះ ព្រោះតែរូបលោកផ្ទាល់នឹងមានគម្រោងរៀបអាពាហ៍ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយការមកចូលរួមក្នុងពេលនេះ គឺដើម្បីមកមើលឱ្យដឹងថា តើលោកនូវមានសេវាកម្មមួយណាដែលមិនទាន់មាន ក្រៅពីកក់សេវាកម្មផ្សេងៗមួយចំនួនដែលបានកក់រួចមក។
លោក ហាក់ ស៊ីណារ័ត្ន បានបញ្ជាក់ទៀតថា បន្ទាប់ពីការមើលពីសេវាកម្មទាំងអស់រួចហើយ អ្វីដែលលោកត្រូវធ្វើការកក់បន្ថែមទៀតនោះ មានដូចជា ខាងភ្លើង Camera ឡាយ កាហ្វេ និងផ្សេងៗជាច្រើនទៀត ហើយនៅពេលនេះលោក ក៏បានសាកសួរពីតម្លៃរួចរាល់អស់ហើយ រង់ចាំតែការពិភាក្សាគ្នាម្តងទៀតរួច លោកនឹងធ្វើការកក់បន្ថែមទៀតផងដែរ។ កម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលមានគម្រោងរៀបការ ក្នុងរដូវកាលថ្មីនេះ ហើយលោកក៏បានសំណូមពរឱ្យគូស្វាម៉ី ដែលគ្រោងនឹងរៀបការក្នុងរដូវកាលថ្មីនេះ សូមស្វែងរកសេវាកម្មអាពាហ៍ពិពាហ៍ឱ្យបានច្រើនកន្លែងសិន មុននឹងសម្រេចចិត្តជ្រើសរើសយកសេវាកម្មណាមួយ ឫអាចមកទស្សនាពិព័រណ៍អាពាហ៍ពិពាហ៍នេះបាន ព្រោះមានការបញ្ចុះតម្លៃច្រើនផងដែរ។
សូមបញ្ជាក់ថា ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ នៅថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១០ព្រឹក ដល់៩យប់ នៅផ្សារទំនើបអ៊ីអន សែនសុខស៊ីធី ដើម្បីទទួលបានភាពងាយស្រួល ក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់ជាច្រើនប្រភេទ យល់ដឹងបន្ថែមពីការត្រៀមខ្លួន ដំណើរការនៃការរៀបចំអាពាហ៍ពិពាហ៍ឲ្យបានសមរម្យ ជាមួយនឹងខ្ទង់ចំណាយតិច ចំណេញពេលវេលា យល់ដឹងពីគុណភាពតម្លៃល្អៗ ការផ្តល់ជូនបន្ថែម និងសេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់នីមួយៗ ដើម្បីជ្រើសរើសសេវាកម្មសមស្រប ជាមួយគុណភាពល្អបំផុត៕