(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងសៀមរាប បានប្រារព្វពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ខួប១ឆ្នាំ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ បេអាត រិចឈ្នឺរ។
ពិធីបុណ្យនេះ បានប្រារព្ធនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្ដសៀមរាប នាថ្ងៃសុក្រទី៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលនៅទីនោះមានចេតិយតម្កល់នូវអដ្ឋិធាតុរបស់លោក នៅមុខមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ពិធីបុណ្យនៅទីនោះ មានការចូលពីសំណាក់បុគ្គលិកមន្ត្រីរាជការ និងថ្នាក់ដឹកនាំ មូលនិធិគន្ធបុប្ផាស្វីស មន្ទីរពេទ្យជ័យវរ្ម័នទី៧ ជាពិសេសមានការនិមន្តចូលរួមដោយជ្រះថ្លាពីព្រះសង្ឃជាងបួនរយព្រះអង្គ។
ចំណែកឯនៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ក៏បានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន គម្របខួប១ឆ្នាំនេះជូនចំពោះវិញ្ញាណក្ខន្ធលោក នៅរសៀលថ្ងៃសៅរ៍ ទី៧ និងព្រឹកថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩ តាមប្រពៃណីព្រះពុទ្ធសាសនា ដែលមានការចូលរួមជាអធិបតីភាព លោក សាស្ត្រាចារ្យ រដ្ឋលេខាធិការ ធា គ្រុយ តំណាងសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមូលនិធិគន្ធបុប្ផាស្វីស មន្ទីរពេទ្យគន្ធបុប្ផា រួមទាំងបុគ្គលិកមន្រ្តីរាជការនៃមន្ទីរពេទ្យទាំងមូលផងដែរ។
លោកសាស្រ្តាចារ្យ បេអាត រិចឈ្នឺរ បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ។ លោកគឺជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងសៀមមរាប ដែលបច្ចុប្បន្នបាន និងកំពុងទទួលការព្យាបាលកុមារជាអ្នកជំងឹកម្ពុជាជាង៧៥%ទូទាំងប្រទេស។
លោកបានចំណាយពាក់កណ្តាលជីវិតចុងក្រោយជាង២៥ឆ្នាំ ក្នុងបុព្វហេតុដើម្បីសុខភាពកុមារកម្ពុជា ដែលគុណូបការៈរបស់លោក ក្នុងការសង្គ្រោះជីវិតកុមាររាប់លាននាក់នេះ ប្រជាជនកម្ពុជា ជាពិសេសកុមារៗ ចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ៕