(កំពង់ចាម)៖ ស្ពានមួយខ្សែស្ថិតនៅភូមិទួលរការ ឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានទឹកហូរបុកបាក់សសរកាត់ផ្តាច់ការឆ្លងកាត់របស់ប្រជាពលរដ្ឋ។ ក្រោយទទួលបានដំណឹងនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះពិនិត្យទីតាំងជាក់ស្តែង និងចាត់វិធានដោះស្រាយបន្ទាន់។
ពេលចុះទៅដល់ទីតាំង លោកទេសរដ្ឋមន្ត្រី គន់ គីម បានទាក់ទងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីចាត់ក្រុមការងារសិក្សា និងជួសជុលស្តាឡើងវិញជូនប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន។
មកទល់ពេនេះក្រសួងបានចាត់ចែងដឹកជញ្ជូនដែកស្ពានបាឡេដើម្បីជួសជុល និងចាប់យោងស្ពានលើកឱ្យត្រង់ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានក្នុងពេលឆាប់ៗនេះ។
ក្រៅពីចាត់ចែងការងារជួសជុលស្ពានឡើងវិញហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចុះពិនិត្យមើលភូមិសាស្ត្រជាប់មាត់ទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកកោះសុទិន ព្រមទាំងបានចុះពិនិត្យមើលទីតាំងច្រាំងទន្លេបាក់ស្រុតផងដែរ។
ចំពោះស្រុកស្ទឹងត្រង់ និងស្រុកកោះសុទិន ទឹកចាប់ផ្តើមហូរចូលក្រោមផ្ទះប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច ក៏បានជម្លៀសសត្វពាហនៈ ទៅលើទួលសុវត្ថិភាពជាបណ្តើរៗ ចំពោះប្រជាពលរដ្ឋរស់នៅក្នុងស្រុកទាំងពីនេះមិនទាន់មានអ្វីគួរអោយព្រួយបារម្ភនៅឡើយទេ។
ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ត្រូវជួយដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕