(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ ឈានដល់បើកការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងសម្រួលទីតាំងឲ្យប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅទីតាំងផ្ទះសំណាក់ យីហោ «ឡេស៊ីហ្វីស» ស្ថិតនៅតាមផ្លូវ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ដោយឃាត់ជនសង្ស័យចំនួន៨នាក់ ក្នុងនោះស្រី៣នាក់។
យោងតាមរបាយការណ៍សមត្ថកិច្ចខណ្ឌដូនពេញ បានឲ្យដឹងថា ប្រតិបត្តិការកាលពីយប់មិញ កម្លាំងបានចូលឆែកឆេរនៅក្នុងបន្ទប់ចំនួន ១៨ និងបានត្រួតពិនិត្យឃើញមានចំនួន១៣បន្ទប់ ដែលបានសម្រួលទីតាំងឲ្យប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
របាយការណ៍បានបញ្ជាក់ថា «នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងសម្រួលទីតាំងឲ្យប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងទីតាំងផ្ទះសំណាក់ ឡេស៊ីហ្វ ផ្លូវ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២»។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ (ស្រី០៣នាក់)រួមមាន៖
*ទី១៖ ឈ្មោះ ផៃ គន្ធី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់
*ទី២៖ ឈ្មោះ ឈួន ថា អាយុ៣៣ឆ្នាំ ស្នាក់បន្ទប់លេខ០០៣ មុខរបរមិនពិតប្រាដ (ជួញដូរ )
*ទី៣៖ ឈ្មោះ ម៉ាក់ សូវត្ថិ អាយុ២៩ឆ្នាំ ស្នាក់នៅទីតាំងខាងលើមុខរបរអ្នកមើលការខុសត្រូវ
*ទី៤៖ ឈ្នោះ រ៉ា ស៊ុមឆាយឆាញស៊ុ អាយុ២៨ឆ្នាំ ស្នាក់ទីតាំងខាងលើ មុខរបរសន្តិសុខ
*ទី៥៖ ឈ្មោះ ឡេន មករា អាយុ១៨ឆ្នាំ មុខរបរមើលការនៅផ្ទះសំណាក់ គីមសួរ (ប្រើប្រាស់)
*ទី៦៖ ឈ្មោះ ទុំ សុភាព អាយុ៣០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់)
*ទី៧៖ ឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុចរបរបគ្មាន (ប្រើប្រាស់)
*ទី៨៖ ឈ្មោះ ទុន ចរិយា ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (ប្រើប្រាស់)។
វត្ថុតាងដែលកម្លាំងចាប់យករួមមាន៖ ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៤កញ្ចប់, កាំភ្លើងខ្លីមួយដើម, ដាវកែច្នែ និងកាំចំនួន០៣ដើម, ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ និង ឧបករណ៍ប្រើប្រាស់មួយចំនួន។
ចំពោះមុខនេះ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕