(ក្រចេះ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះ។
នៅក្នុងពេលចុះពិនិត្យស្ថានភាពនៃការជនលិច ក៏ដូចជាផលប៉ះពាល់នេះ លោក គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោក គន់ គីម បានជម្រាបប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតាមដានជាប់ជានិច្ចចំពោះផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋដោយសារជំនន់ទឹកទន្លែមេគង្គនេះ ហើយបានក្រើនរំលឹកដាស់តឿនមន្ត្រីពាក់ព័ន្ធឱ្យចុះជួយ និងដោះស្រាយរាល់បញ្ហាប៉ះពាល់នេះ។ បន្ថែមពីលើនោះ សម្តេចទាំងពីរសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋផងដែរ ចំពោះផលប៉ះពាល់បណ្តាលមកពីជំនន់ទឹកទន្លេមេគង្គនេះ។
ក្នុងដំណើរចុះពិនិត្យនូវស្ថានភាពការជន់លិចនៅក្នុងខេត្តក្រចេះនាព្រឹកមិញនេះ លោក គន់ គីម អមដំណេីរដោយលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចុះទៅពិនិត្យមេីលទួលសុវត្ថិភាពក្នុងស្រុកចិត្របូរី និងស្រុកព្រែកប្រសព្វខេត្តក្រចេះ ដេីម្បីជម្លៀសប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ន។
ក្រៅពីការក្រើនរំលឹកឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់តាមសរាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជាអាទិភាពខ្ពស់លេីអាយុជីវិតមនុស្ស។
លោក វ៉ា ថន បានឱ្យដឹងថា ជំនន់ទឹកទន្លេមេគង្គនេះ ធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងខេត្តក្រចេះចំនួន ៩,៧៥៤ ខ្នងផ្ទះ។ ក្នុងនោះក្រុងក្រចេះប៉ះពាល់ ៧២១ខ្នងផ្ទះ, ស្រុកចិត្របុរីប៉ះពាល់ ២,០៧៥ខ្នងផ្ទះ, ស្រុកព្រែកប្រសព្វប៉ះពាល់ ២,១១៧ខ្នងផ្ទះ, ស្រុកឆ្លូងប៉ះពាល់ ២,៦០៤ខ្នងផ្ទះ និងស្រុកសំបូរប៉ះពាល់ ២,២៣៧ខ្នងផ្ទះ។
ទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ស្រូវស្សាក្នុងខេត្តក្រចេះនេះជាង ៣ពាន់ហិកតា, ប៉ះពាល់ដំណាំរួមផ្សំជាង ៤០០ហិកតា។ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។
អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចំនួន ១,៥៦៥គ្រួសារ ទៅទីទួលសុវត្តិភាព, ជម្លៀសគោក្របីចំនួន ៨,៤៤១ក្បាល។
លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះសួរសុខទុក្ខ និងបាននាំយកសម្ភារ ថ្នាំពេទ្យ មុង ចែកដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងចាក់វ៉ាក់សាំងគោ ក្របី នៅទួលសុវត្ថិភាពតាឃីន ភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី។ លោកអភិបាលខេត្ត ក៏បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្រុងក្រចេះ និងស្ថានីយបូមទឹក ហ៊ុន សែន ទី៥១ បូមរំដោះទឹកចេញពីទីរួមខេត្តក្រចេះ៕