(ភ្នំពេញ)៖ ចាប់ពីពេលនេះតទៅ អ្នកប្រកបអាជីវកម្មលើបណ្ដាញសង្គម ឬហៅថា Online ត្រូវឆ្លងកាត់ការអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ចំណេះដឹងផ្នែកច្បាប់ និងស្ដង់ដាអាជីវកម្ម ព្រមទាំងចំណេះដឹងពាក់ព័ន្ធនានា ដើម្បីចៀសវាងការប្រព្រឹត្តខុសឆ្គងក្នុងការប្រកបអាជីវកម្មរបស់ខ្លួនតទៅទៀត ខណៈមន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ បានព្រមានរួចជាស្រេចអំពីការអនុវត្តច្បាប់ និងផ្ដន្ទាទោសចំពោះអ្នកប្រកបអាជីវកម្មផ្ទុយពីច្បាប់ក្នុងប្រព័ន្ធអនឡាញនេះ។
នេះជាការបញ្ជាក់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈធុរកិច្ចក្នុងទីផ្សារបណ្ដាញ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឡី សុភាព ប្រធានសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកទីផ្សារបណ្ដាញកម្ពុជា លោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ និងលោក លី ស៊ីនន្ទ អគ្គនាយកក្រុមហ៊ុន NSZ World។
ក្នុងពិធីខាងលើ លោកបណ្ឌិត ឡី សុភាព បានថ្លែងថា «ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា ដែលអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញ ត្រូវបានអញ្ជើញមកទទួលការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលផ្នែកច្បាប់ ស្ដង់ដាអាជីវកម្ម និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ អ្នកជំនាញ ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួន»។
លោកបានបន្តថា ការបង្កើតឱ្យមានវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយអ្នកប្រកបអាជីវកម្មខ្នាតតូច និងមធ្យម ឱ្យទទួលការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវ តាមប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង និងជំនាញវិជ្ជាជីវៈត្រឹមត្រូវ ជៀសវាងការប្រព្រឹត្តខុសឆ្គងទាំងមិនដឹងខ្លួន ដូចពេលកន្លងទៅ។
លោក ឡី សុភាព បានសង្កត់ធ្ងន់ថា ចាប់ពីម៉ោងនេះទៅ អ្នកដែលមានអាជីពជាអ្នកទីផ្សារបណ្ដាញ គឺជាបុគ្គលដែលមានសក្ដានុពល ពីព្រោះពួកគេសម្រេចបានការងារ និងមុខរបរមួយប្រកបដោយវិជ្ជាជីវៈ និងការគោរពច្បាប់បានត្រឹមត្រូវ ស្របតាមទស្សនទាន «បុគ្គលម្នាក់ ជំនាញមួយ» «សេវាកម្មមួយ ស្ដង់ដាមួយ» និង «អាជីវកម្មមួយ ស្ដង់ដាមួយ» ក្នុងនោះអាជីវកម្មទីផ្សារបណ្ដាញ ក៏មានស្ដង់ដាមួយផងដែរ ដែលអ្នកប្រកបអាជីវកម្មក្នុងវិស័យនេះ ត្រូវតែគោរព និងអនុវត្តតាមច្បាប់ និងធានាឱ្យបាននូវសុខមាលភាពរបស់អ្នកប្រើប្រាស់ និងអ្នកទទួលសេវា។
ជាការពិតណាស់ អ្នកប្រកបអាជីវកម្មក្នុងទីផ្សារបណ្ដាញ ពិតជាមិនទាន់អនុវត្តបានត្រឹមត្រូវ ក្នុងការប្រកបអាជីវកម្មរបស់ខ្លួននៅឡើយទេ នាពេលកន្លងមកនោះ រាប់ទាំងការអនុវត្តច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុវត្តតាមស្ដង់ដាទីផ្សារបណ្ដាញ ប៉ុន្តែមិនមែនជាកំហុសរបស់អ្នកណាម្នាក់នោះឡើយ ក៏ព្រោះតែគ្មានអ្នកអញ្ជើញពួកគាត់មកបណ្ដុះបណ្ដុះបណ្ដាល, នេះបើតាមការបញ្ជាក់របស់លោក ឡី សុភាព។
លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកផ្នែកឯកជនជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហេតុនេះហើយបានជាសមាគមរបស់លោក សហការជាមួយអគ្គស្នងការនគរបាលជាតិ អញ្ជើញអ្នកប្រកបអាជីវកម្មទាំង Online និង Offline មកផ្ដល់ការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ចំពោះផ្នែកឯកជន និងដើម្បីឱ្យផ្នែកឯកជនទាំងនោះយល់ពីបញ្ហាពាក់ព័ន្ធនានាក្នុងអាជីវកម្មរបស់ខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ វគ្គបណ្ដុះបណ្ដាលខាងលើនេះ ក៏ចង់ជំរុញចលករក្រុមអ្នកប្រកបអាជីវកម្មទាំងអស់ឱ្យចូលរួមការគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។
លោក ឡី សុភាព បានប្រកាសថា «មានតែការធ្វើអាជីវកម្មតាមរយៈទីផ្សារបណ្ដាញនេះទេ ទើបអាចជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដ៏ខ្លាំងក្លា ពិសេសបានផ្ដល់ចំណូលដល់អ្នកដែលប្រកបអាជីវកម្មខ្នាតតូច និងមធ្យម ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់»។
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល ក៏បានព្រមានពីការអនុវត្តច្បាស់ និងការផ្ដន្ទាទោសគ្រប់កម្រិតទៅដល់អ្នកប្រកបអាជីវកម្មតាមអនឡាញ ដែលនៅតែប្រព្រឹត្តល្មើស និងការធានាការពារចំពោះអ្នកប្រកបអាជីវកម្ម ដែលអនុវត្តបានត្រឹមត្រូវតាមស្ដង់ដា និងវិជ្ជាជីវៈ ខណៈច្បាប់សម្រាប់អ្នកប្រកបអាជីវកម្មតាម Online ក៏កំពុងស្ថិតក្នុងដៃសភាហើយ មុនអនុម័តសម្រេច និងចេញជាធរមាន ដើម្បីអនុវត្តទៅលើអ្នកប្រកបអាជីវកម្មក្នុងសម័យបច្ចេកវិទ្យាទំនើប ឬហៅថា ឌីជីថលូបនីយកម្មនេះ។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលលើកដំបូងជាប្រវត្តិសាស្ត្រ សម្រាប់អ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញនេះ មានរយៈពេល៦ខែ ក្នុងនោះមានដំណាក់កាលទី២ រយៈពេល៣ខែ និងដំណាក់កាលទី២ រយៈពេល៣ខែទៀត ប៉ុន្តែការបណ្ដុះបណ្ដាលអំពីការវិវត្តថ្មីៗ និងបច្ចុប្បន្នភាពនៃស្ដង់ដាអាជីវកម្ម ក៏នៅតែផ្ដល់ជូនពួកគេជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល «សិក្សាពេញមួយជីវិត» ខណៈដែលបច្ចេកវិទ្យាឌីជីថលកំពុងវិវត្តដល់បរិបទ «ឧស្សាហកម្ម ៤.០»៕